ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៣នាក់ប្រើប្រាស់គ្រឿងញៀននិងប្រើអំពើហិង្សា ទៅតុលាការ

សៀមរាបៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

នគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការបង្ក្រាបករណីប្រើប្រាស់​គ្រឿងញៀន ដោយខុសច្បាប់ និងប្រើប្រាស់អំពើហិង្សាទៅលើបក្សពួករបស់ខ្លួន នៅចំណុចភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ក្រោយ​ពី​បានធ្វើសកម្មភាពវាយបក្សពួករបស់ខ្លួនបណ្តាលឲ្យរងរបួសបែកក្បាល ត្រូវបានសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនបានភ្លាមៗ យកមកសួរ​នាំនៅអធិការដ្ឋាននគរបាលស្រុក ហើយត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត។

លោកវរសេនីយ៍ទោ អ៊ុ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា ស្នងការរង ជាប្រធាន​ការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ១ឈ្មោះ ភាព សុជា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ទី២ឈ្មោះ ភន់ លាប ហៅដុង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ​ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ និងជនសង្ស័យទី៣ឈ្មោះ ឡុក សុខឡៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេបានចូលលុយគ្នាទិញគ្រឿងញៀនដោយឲ្យជនសង្ស័យម្នាក់ទៅទិញគ្រឿងញៀន ហើយត្រូវ​បានជនសង្ស័យទៅទិញយកជក់អស់ហើយ ជនសង្ស័យ០២នាក់ ទៀតបានទៅរករឿង រហូតវាយបែកក្បាល ក៏ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន បានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តសៀមរាបតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ បានត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះដើម្បីចាត់ការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់