ស្វាយរៀងៈ ខណៈដែលពិធីកាន់បិណ្ឌត្រូវគេកត់សម្គាល់ថា មានពុទ្ធបរិស័ទសស្រាក់សស្រាំនាំគ្នាដើរធ្វើបុណ្យនោះ ព្រះគ្រូនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ នៅវត្តនាគវ័ន្ត បែរជាចេញទៅចែកទានចំនួន១២វត្តនៅខេត្តស្វាយរៀង ដែលប្រឈមនឹងភាពខ្វះខាតគួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២២ កញ្ញា។ ក្នុងពិធីនោះ ក៏ឃើញមានឥស្សរជនជាសប្បុរសជនមួយចំនួនចួលរួមផ្ដល់អំណោយជាមួយផងដែរ។
ព្រះគ្រូ នី សុវណ្ណមុនីរ៉េត បានមានសង្ឃដីកាថា ដោយសារតែបានការជ្រោមជ្រែងពីពុទ្ធបរិស័ទ ជាពិសេស គឺលោកស្រី សៀង ចាន់ហេង ជាម្ដាយធម៌ ទើបព្រះអង្គមានលទ្ធភាពប្រមូលថវិកា និងទេយ្យទានជាច្រើនយកទៅធ្វើបុណ្យដល់ទៅ១២វត្តនៅខេត្តស្វាយរៀង ដោយក្នុងនោះក៏មានចែកទានទាំង១២វត្តនៅទីនោះផង។ ព្រះអង្គថា វត្តខ្លះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដោយខ្វះទាំងអណ្តូងទឹក និងសម្ភារៈសម្រាប់ព្រះសង្ឃប្រើប្រាស់នោះផង។ អ៊ីចឹងហើយទើបព្រះអង្គយល់ថា ការចុះចែកទានរបស់ព្រះអង្គ និងម្ដាយធម៌ គឺជាអំពើមួយដ៏ល្អ ដើម្បីឲ្យវត្តខ្សត់ៗ និងឆ្ងាយៗដូចជាវត្តនៅខេត្តស្វាយរៀងមានឱកាសទទួលបានទេយ្យទានក្នុងរដូវកាន់បិណ្ឌដែលកាន់តែកៀកបុណ្យភ្ជុំនេះ។
ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បញ្ជាក់ថា ព្រះអង្គជាអ្នករៀបចំពិធីកាន់បិណ្ឌទី៦នៅក្នុងវត្តមួយនៅខេត្តស្វាយរៀង ហើយដោយសារតែកត់សម្គាល់ឃើញថាទីវត្តចំនួន១២ នៅក្នុងខេត្តនោះមានភាពខ្វះខាត ទើបលោក និងសម្រេចដឹកនាំសប្បុរសជនចុះទៅចែកអំណោយជាច្រើននៅក្នុងវត្តទាំង១២នោះ។ ព្រះអង្គមានសង្ឃដីកាថា ការចុះជួយវត្តទាំង១២ មិនមែនជាទីបញ្ចប់នោះទេ ដោយសារតែក្នុងពេលខាងមុខព្រះអង្គក៏នឹងចុះចែកទានឲ្យបានច្រើនជាងនេះបន្ថែមទៀត ដើម្បីជួយដល់ពុទ្ធបរិស័ទ និងតាជីយាយជី ដែលមានភាពខ្វះខាតនៅខេត្តស្វាយរៀង ដែលជាស្រុកកំណើតរបស់ព្រះអង្គ។
វត្តទាំង១២នោះត្រូវបានព្រះគ្រូនី សុវណ្ណមុនីរ៉េត បញ្ជាក់ថា រួមមាន វត្តស្វាយជ្រំ, វត្តស្វាយព្រហូត, វត្តចារ, វត្តស្វាយផ្អែម, វត្តស្វាតសណ្តោត, វត្តសូរ, វត្តបល្ល័ងជា, វត្តប្រាសាទ(ក្តីស្លា), វត្តព្រៃបន្ទាយ, វត្តអង្គរស, វត្តឈូកមាស, និងវត្តស្វាយយា៕
មតិយោបល់