ព័ត៌មានជាតិ

ហ៊ុន ម៉ាណែត៖ អនាគតកងទ័ពគឺអាស្រ័យលើនាយទាហានជំនាន់ក្រោយ

ព្រះវិហារៈ ថ្លែងទៅកាន់និស្សិតនាយទាហានពូកែ ប្រចាំឆ្នាំសិក្សា២០១៥-២០១៦ របស់វិទ្យាស្ថាន ទ័ពជើងគោកនិងសាលានាយទាហានសកម្មត្មាតពង ចំនួន១០០នាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា អនាគតកងទ័ពគឺអាស្រ័យលើនាយទាហានជំនាន់ក្រោយ។

ជាក់ស្តែងនិស្សិតនាយទាហានទាំងអស់សុទ្ធតែបានរៀនពីទ្រឹស្តីកងទ័ពពីសាលា ហើយទស្សនកិច្ចនៅលើ សមរភូមិមុខថ្ងៃនេះ គឺជាការផ្តល់ឱកាសឱ្យនិស្សិតនាយទាហានទាំងអស់ បានស្វែងយល់បន្ថែមពីទ្រឹស្តី ក្នុងសាលានិងការអនុវត្តជាក់ស្តែងនៅសមរភូមិមុខក្នុងការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី តាមរយៈបទឧទ្ទេសនាមរបស់នាយទាហានជាន់ខ្ពស់ដើម្បីនិងផ្តល់បទពិសោធន៍ជាក់ស្តែងក្នុងការបណ្តុះឆន្ទៈខ្ពស់ ស្មារតីក្លាហាននិងជំហរច្បាស់លាស់ដល់នាយទាហានជំនាន់ក្រោយដើម្បីការពារបូរណភាពទឹកដី ការពារជាតិនិងមាតុភូមិ ។

ក្នុងនោះដែរលោក ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធ និងផ្តល់តំបូន្មានល្អៗ និងលើកទឹកចិត្តនិស្សិត ទាហានសកម្មទាំងអស់ឱ្យបន្តខិតខំរៀនសូត្រក្រេបយកចំណេះដឹង ទ្រឹស្តីនិងការអនុវត្ត និងគោរពវិន័យឱ្យ បានខ្ជាប់ខ្ជួនដើម្បីក្លាយខ្លួនជានាយទាហានដ៍រឹងមាំ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់សង្គមជាតិនិងប្រជាជន។

តាមរបាយការបានឱ្យដឹងថា និស្សិតដែលទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ១០គឺមានប្រចាំឆ្នាំ ប្រចាំឆមាសទី១ ប្រចាំឆមាសទី២មានចំនួនសរុប១២២នាក់ ស្រី១៥នាក់ ហើយត្រូវបានទទួលអំណោយ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាននាឡិកាសម្តេច (សម្រាប់តែនិស្សិត នាយទាហានពីលេខ១ដល់លេខ៣) ព្រមទាំងកាបូបយួរដៃនិងថវិកាមួយចំនួនទៀត។

ប្រធានគណៈកម្មការរៀបចំកម្មវិធីបានបន្ថែមទៀតថា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និស្សិតនាយទាហានរបស់វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហាន សកម្មបានខិតខំអស់ពីកម្លាំងចិត្ត ដើម្បីរៀសូត្ររហូតមកដល់ពេលនេះ ទទួលបានលទ្ធផលល្អ និងបានចូលរួមគាំទ្រយ៉ាងមុះមុតនិងស្មោះស្ម័គ្រនូវគោលនយោបាយដ៍ត្រឹមត្រូវក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកនិងពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។

សូមបញ្ចាក់ថា ដំណើរទស្សនៈកិច្ចនៃនិស្សិតនាយទាហានវិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហាន សកម្មត្មាតពងនៅតំបន់ប្រាសាទព្រះវិហារបានចាប់ផ្តើមពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលនិស្សិតនាយទាហានទាំងអស់បានទស្សនានិងស្វែងយល់នូវគោលដៅយុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជាចំណុចតាថាវ ចំណុចប្រាំមករា ចំណុចពយតាឌី ទ្វាដែក វត្តកែវកែវសិក្ខាគីរីស្វារៈ និងចំណុចសំខាន់ៗ មួយចំនួនទៀតព្រមទាំងបានធ្វើសកម្មភាពសំខាន់រួមមានការស្តាប់បទឧទ្ទេសនាមពីសំណាក់នាយទាហានជាន់ខ្ពស់សំខាន់ៗ អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ អជ្ញាធរជាតិប្រាសាទព្រះវិហារ ពិធីសាសនា ការច្រៀង បទពង្សាវដាខ្មែរនិងសកម្មភាពសំខាន់ៗជាច្រើនប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងសប្បាយរីករាយក្រៃលែង៕

photo_2016-09-25_10-02-09photo_2016-09-25_10-02-12photo_2016-09-25_10-02-16photo_2016-09-25_10-02-20photo_2016-09-25_10-02-25photo_2016-09-25_10-02-28photo_2016-09-25_10-02-33photo_2016-09-25_10-02-39photo_2016-09-25_10-02-45photo_2016-09-25_10-02-50photo_2016-09-25_10-02-54photo_2016-09-25_10-02-58photo_2016-09-25_10-03-02photo_2016-09-25_10-03-08

មតិយោបល់