ភ្នំពេញៈ ប្រមាណជា២ឆ្នាំហើយ ដែលតារាចម្រៀងដូដូ កូនប្រុសអ្នកនាងស៊ុនណារី ម៉ូនីកា ត្រូវគេដឹងថាបាត់មុខពីវិស័យចម្រៀង ដោយសារតែលោកជាប់ភារៈចេញច្រៀងនៅតាមបណ្ដាប្រទេសមួយចំនួននៅទ្វីបអ៊ឺរ៉ុប សឹងនឹងធ្វើឲ្យមហាជនភ្លេចមុខ។ ម្នាក់ៗមានការស្រឡាំងកាំង ក្នុងពេលដែលលោកបាត់មុខពីសិល្បៈអស់មួយរយៈធំមកហើយ ស្រាប់តែបានត្រលប់វិញជាមួយរូបរាងមុខមាត់សឹងស្រដៀងលោកនីកូកាលពីប៉ុន្មានថ្ងៃមុន។
អតីតតារាចម្រៀងយុវវ័យប្រចាំផលិតកម្មក្លាសិករូបនេះត្រូវគេឃើញបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី២៣ កញ្ញា ជាមួយអ្នកនាងស៊ុនណារី ម៉ូនីកា ក្នុងជំនួប«គ្រួសារតារាកម្ពុជា»ក្នុងពេលកាន់បិណ្ឌ។ លោកបញ្ជាក់ថាហេតុផលបាត់មុខ២ឆ្នាំពីក្នុងវិស័យសិល្បៈ គឺដោយសារតែលោកបានចេញទៅសម្ដែងនៅក្នុងប្រទេសមួយចំនួននៅអ៊ឺរ៉ុប និងដោយសារតែលោកក្រោយបញ្ចប់ការសម្ដែងក្រោមការធានារបស់ម្ចាស់ស្ពុនស័រក៏បន្តរស់នៅជាមួយម្ដាយនៅក្នុងប្រទេសបារាំងមួយរយៈ។
លោកថាក្រោយការចាកចេញពីផលិតកម្មក្លាសិក លោកក៏ទទួលបានឱកាសចេញច្រៀងនៅក្រៅប្រទេសជាញឹកញាប់ ទើបបណ្ដាលឲ្យលោកបាត់មុខពីសិល្បៈក្នុងស្រុកប្រមាណជា២ឆ្នាំ។ លោកនិយាយថា«២ឆ្នាំគត់ដែលខ្ញុំខាននៅស្រុកខ្មែរ ហើយដោយសារតែខ្ញុំស្រឡាញ់សិល្បៈ ទើបសុខចិត្តឈប់រស់នៅបារាំងហើយត្រលប់មកស្រុកវិញកាលពីប៉ុន្មានថ្ងៃមុន!»។ លោកថាខ្លួននឹងទទួលឡើងឆាក ហើយក៏នឹងបន្តស្វះស្វែងរកផលិតកម្មច្រៀងជាថ្មីម្ដងទៀត ក្រោយពីបាត់មុខក្នុងស្រុកអស់២ឆ្នាំនោះផង។
ការវិលត្រលប់ជាថ្មីរបស់លោកដូដូនាពេលនេះត្រូវគេកត់សម្គាល់ថាមានរូបរាងស្រស់សង្ហារជាងមុន។ ក្នុងនោះសូម្បីតែទឹកដមសំឡេងក៏តារាវ័យ២៣ឆ្នាំរូបនេះ មានភាពពីរោះ និងមូលជាងពេលដែលលោកនៅប្រឡូកជាតារាចម្រៀងរបស់ផលិតកម្មក្លាសិកនោះផងដែរ។ អ៊ីចឹងហើយទើបលោកមានការរំពឹងថាថាការត្រលប់ក្រោយរបស់ខ្លួននឹងកន្ទ្រាក់បាននូវការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មចម្រៀងមួយចំនួនក្រោយការបង្ហាញខ្លួន៕








មតិយោបល់