ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍គគីរ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

កណ្តាល: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរ ធ្វើការចាប់ឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរក​ឃើញថ្នាំញៀន​នៅជាប់នឹងខ្លួនជនសង្ស័យ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិ​ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ សម្រេច ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិ​ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូចសង្ស័យសារធាតុញៀន ,ម៉ូតូ១គ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-786 , ទូរសព្ទ័ដៃ០៣គ្រឿងម៉ាក IPhone-5 ពណ៌ទឹកប្រាក់ មួយគ្រឿងIPhone-4 មួយគ្រឿង ពណ៌ខ្មៅ មួយគ្រឿង ម៉ាក់SamSung ពណ៌ស មួយគ្រឿង,ប្រាក់ដុល្លារចំនួន២២ដុល្លារ ,ប្រាក់រៀលចំនួន១៦៦,៣០០រៀល ,នាឡិកាដៃជរ័ ពណ៌ខ្មៅចំនួន០១ , និងចិញ្ចៀន​លោហ:ធាតុពណ៌លឿងមានដាំត្បូងចំនួនមួយវង់ ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងប្រជាការ​ពារ​ឃុំគគីរចុះល្បាតតាមគោលដៅស្មុគស្មាញក្នុងមូលដ្ឋាន លុះពេលល្បាតមកដល់ចំណុចខាងលើបានជួបជនល្មើសជិះម៉ូតូតែម្នាក់ឯង ដោយមានការ​សង្ស័យ​កម្លាំងប៉ុស្តិ៍បានធ្វើការឆែកឆេរជនល្មើសនិងម៉ូតូរកឃើញម្សៅក្រាមពណ៌សមួយកញ្ចប់តូចសង្ស័យជាសារធាតុញៀន នៅនិងកែបម៉ូតូ ទើប​សមត្ថកិច្ច​សម្រេចធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុកកៀនស្វាយ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបន្ត បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់