ព័ត៌មានជាតិ

Update៖ ភ្លើងប្រចណ្ឌ! មន្ត្រីយោធាម្នាក់ ដកកាំភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់ បណ្ដាលរបួសធ្ងន់នៅ «ហាងទីរ៉ានី» ខណ្ឌសែនសុខ

ភ្នំពេញ: កាលវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីបុរសម្នាក់ បានដកកាំភ្លើងបាញ់មកលើប្រពន្ធខ្លួនជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនសង្ស័យជាប្តីឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធា នៅភូមិភាគ៥ ឋាន:ពលបាលឯក ប្រើប្រាស់កាំភ្លើងម៉ាក K59 និងជនរងគ្រោះជាប្រពន្ធ ឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ បើកបរដោយបុរសខាងលើ ចូលផឹកស៊ីក្នុងហាង ស្រាប់តែលេចមុខប្រពន្ធរបស់គាត់ ជិះម៉ូតូកូនទាមកដែរ។ មួយសន្ទុះក្រោយមក ស្រាប់តែបុរសខាងលើ បានដកកាំភ្លើងបាញ់ប្រពន្ធចំនួន៧គ្រាប់ ត្រូវចំ៥គ្រាប់ ត្រង់ចង្កេះ២គ្រាប់ ពោះ១គ្រាប់ ដៃស្តាំ ១គ្រាប់ លើដើមទ្រូងឆ្វេង១គ្រាប់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយបង្ករួច បុរសខាងលើ បានរត់ឡើងបើករថយន្ត ព្យាយាមបើកចេញយ៉ាងលឿន តែត្រូវសមត្ថកិច្ច ដេញតាមព័ទ្ធចាប់បានមកវិញ ។ មូលហេតុ៖ ព្រោះរឿងប្រចណ្ឌ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនាំ និងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់