ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានជំនឿថាក្នុងពេលខាងមុខ ទាំងវិនិយោគជប៉ុន ក៏ជាដូចជាទេសចរជប៉ុននឹងមានការកើនឡើងបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការងារជាមួយឯកអគ្គរដ្ឋទូតថ្មីនៅពេលចូលមកបំពេញភារកិច្ចបន្ត។
សម្ដេចមានប្រសាសន៍បែបនេះ នៅក្នុងជំនួបរវាងលោក Kummaru yuji ឯកអគ្គរដ្ឋទូតជប៉ុននៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ នៅវិមានសន្តិភាព បន្ទាប់ពីលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះ លោក Kummaru yuji បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលក្នុងបេសកកម្មកន្លងមកនេះ លោកបានធ្វើការងារយ៉ាងច្រើនក្នុងការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឈានដល់កម្រិតមួយថ្មី។ ក្នុងរយៈកាលកន្លងមកនេះមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ដូចជាការអញ្ជើញមកបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzō Abe មកកម្ពុជា និងការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅជប៉ុនជាបន្តបន្ទាប់ជាដើម។
ជាងនេះទៅទៀត កម្ពុជា-ជប៉ុនក៏បានភ្ជាប់ជើងហោះហើរត្រង់ពីតូក្យូមកភ្នំពេញ នៅក្នុងអាណត្តិបំពេញការទូតរបស់លោកផងដែរ។ លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែទទួលជួបប្រតិភូពីប្រទេសជប៉ុនរួមទាំងខាងរដ្ឋាភិបាលជប៉ុនក្តី និងអ្នកវិនិយោគក្តី។ ក្រៅពីនេះ លោក Kummaru yuji បានជម្រាបជូនសម្តេចតេជោថា រាល់ការរីកចម្រើនទាំងនេះ បានធ្វើឲ្យប្រទេសទាងពីរ ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានកើនឡើងផងដែរ។ លោក Kummaru yuji បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីទៅចូលរួមក្នុងវេទិការអនាគតនៃអាស៊ីដែលរៀបចំនៅប្រទេសជប៉ុន ដែលរដ្ឋាភិបាលជប៉ុនចាត់ទុកថា វេទិការនេះ ដូចគ្នានឹងវេទិកាសេដ្ឋកិច្ចពិភពលោកដែរ។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវភាពរីករាយចំពោះការរីកចម្រើនរវាងប្រទេសទាំងពីរទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការហោះហើរត្រង់មកភ្នំពេញផ្ទាល់ថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរីករាយផងដែរចំពោះការទស្សនកិច្ចនៃមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន តែងឆ្លៀតឱកាសជួបជាមួយអ្នកវិនិយោគ និងធុរៈកិច្ចជប៉ុន ជាបន្តបន្ទាប់ ធ្វើយ៉ាងណាឲ្យជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងការជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាយើង៕
មតិយោបល់