ភ្នំពេញៈ ក្រុមពាលស៊ីពាល ដែលបាញ់និងកាប់គ្នា បណ្ដាលឲ្យរបួលសុះសាច់ម្នាក់នោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញតាមប្រមាញ់ចាប់ខ្លួនបាន២នាក់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ហើយព្យាយាមគេចខ្លួនបានតែ១០ថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា បុរសម្នាក់ត្រូវបានគូទំនាស់តាមកាប់ឲ្យរបួសធ្ងន់ហើយបាញ់មួយគ្រាប់ឲ្យរបួសថែមទៀតដែលគេសង្ស័យថា ពាលស៊ីពាលកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវដែកមុខក្តាន់ពីរភូមិ០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាម ផាន់ណា ហៅលាថុនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ របួសច្រើនកន្លែង និងត្រូវមួយគ្រាប់របួសធ្លាយភ្លៅឆ្វេងនោះ។ ចំណែកជនដៃដល់២នាក់ ដែលឃាត់ខ្លួន ទី១.ឈ្មោះ ភា ធារ៉ាហៅធារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង ភូមិ០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី២.ឈ្មោះ ផាត់ សារ៉ាយ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅជិតគ្នា និងដកហូតវត្ថុតាងថ្នាំញៀន១កញ្ចប់ និងម៉ូតូម៉ាកស្តេពមួយគ្រឿង និងទូរស័ព្ទ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍កាប់ចាក់ និងបាញ់ឲ្យរបួសម្នាក់រួចហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗបានសួរនាំពីហេតុការណ៍ និងដោយតាមការបំភ្លឺពីឈ្មោះសូ សីហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់របងវត្តនាគវ័ន្ត ដែលបានឃើញពីហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេបានឮសំឡេងឈ្លោះប្រកែករវាងជនរងគ្រោះ និងក្រុមជនល្មើសហើយខណៈនោះស្រាប់តែឃើញជនរងគ្រោះរត់ចេញពីផ្លូវតូចមកក្រៅមកដល់ចំណុចកើតហេតុឃើញជនដៃដល់ឈ្មោះ ធារ៉ូ បានកាន់ដាវតាមកាប់ពីក្រោយជនរងគ្រោះហូរឈាមរកដួល ដោយជនរងគ្រោះស្រែកឲ្យគេជួយ ពេលនោះដែរស្រាប់តែឃើញជនល្មើសឈ្មោះ អាស្ពៃ បានរត់មកដល់ដែរ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់១គ្រាប់ចំធ្លាយភ្លៅឆ្វេងជនរងគ្រោះឲ្យដេកក្នុងថ្លុកឈាមហើយក្រុមជនល្មើសទាំង២នាក់នោះក៏រត់គេចបាត់អស់តែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា ជនរងគ្រោះបន្ទាប់ពីរងរបួសដោយគូទំនាស់កាប់និងបាញ់រួចហើយក៏ត្រូវបានអ្នកជិតខាងបាននាំគ្នាជួយដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កយកទៅង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីគេចខ្លួនបាន១០ថ្ងៃក្រោយដោយកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញានោះច្បាស់លាស់ហើយនៅរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានសហការជាមួយកម្លាំងបង្រ្កាបបទល្មើសរាជធានីចុះជួយខណ្ឌបានចាប់ខ្លួនមុខសញ្ញាដែលជនជនដៃដល់២នាក់នោះដោយសល់ជនដៃដល់ម្នាក់ទៀត ដែលជាអ្នកបាញ់នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយ។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ២នាក់ ដែលឃាត់ខ្លួននោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
មតិយោបល់