ព័ត៌មានជាតិ

កាំកុងត្រូលចុះត្រួតពិនិត្យតាមតូបលក់ទំនិញខូចគុណភាពនៅផ្សារថ្នល់បែក

កំពង់ធំ: ដោយមានយកចិត្តទុកដាក់នូវគ្រឿងឧបភោគបរិភោគ និងចំណីហារ ដែលកំពុងតែចរាចរណ៍នៅក្នុងទីផ្សារ ក្នុងខេត្តកំពង់ធំ កាំកុងត្រូលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ តាមស្តង់លក់ទំនិញនៅក្នុងផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កិច្ចប្រតិបត្តិការចុះឆែកឆេរ ទំនិញខូចគុណភាពដែលកំពុងតែលក់នៅទីផ្សារ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក លៀង សុភាព ប្រធានកាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយលោក លឹម ចក់ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឱវាទ ចុះពិនិត្យអង្ករនិងទឹកភេសជ្ជ: រួមទាំងគ្រឿងទេសមួយចំនួន ក្នុងនោះបានរឹបអូសបានទឹកក្រូចដែលគ្មានស្តង់ដា របស់ក្រុមហ៊ុនយូវី ដែលបានផលិតនិងចែកចាយក្នុងខេត្តកំពង់ធំ បានចំនួន៥១ដប និងទឹកផ្លែឈើយីហោ ជុម ជិម មួយចំនួនទៀតដើម្បីយកទៅរក្សាទុក រង់ចាំធ្វើការកម្ទេចចោលនៅថ្ងៃក្រោយ។

លោក លៀង សុភា ប្រធានកាំកុងត្រូល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺជាការផ្តោតសំខាន់ទៅសុខភាពរបស់ប្រជាពលរដ្ឋ ដែលពុំសូវមានយល់ដឹងពីគុណភាព ហើយបានទិញទំនិញទៅបរិភោគឬលក់ ចែកចាយ ដែលមានការប៉ះពាល់ដល់សុខភាព ដោយសារទំនិញផុតថ្ងៃបរិច្ឆេទ ព្រមទាំងធ្វើការអប់រំដល់ អជីវករឲ្យចេះមើលពីសុពលភាពរបស់ទំនិញ ក្នុងការទិញចូលមកលក់ជៀសវាងប៉ះពាល់ទំនិញខូចគុណភាព ក៏ដូចជាការជំរុញឲ្យអជីវករ ចូលរួមទប់ស្កាត់ និងការពារ ដើម្បីសុខភាពប្រជាពលរដ្ឋ។

លោក លៀង សុភា បានបន្តថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងនូវគ្រឿងភេសជ្ជ:ដែលហួសឌឺឡេ ត្រូវបានគេយកមកលក់ជាកែវជូនក្មេងៗ តាមសាលារៀន និងតាមសហគមន៍ នូវតម្លៃថោក ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូច្នេះដើម្បីទប់ស្កាត់ការពារ អជីវករទាំងអស់ត្រូវនាំទំនិញរបស់ខ្លួនដែលជិតហួស ឌឺឡេឬហួសឌឺឡេទៅហើយនោះ ទៅដូរនិងក្រុមហ៊ុនដើម្បីយកទំនិញថ្មីមកលក់ សម្រាប់ទំនិញដែល បានពិនិត្យឃើញថាហួសថ្ងៃបរិច្ឆេទ និងត្រូវធ្វើកិច្ចសន្យា ករណីមិនគោរពតាមគោលការណ៍ច្បាប់ និងរកឃើញនៅថ្ងៃក្រោយនិងត្រូវពិន័យតាមច្បាប់ ៕

កាំកុងត្រូល

កាំកុងត្រូល

កាំកុងត្រូល

កាំកុងត្រូល

មតិយោបល់