ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាកំប្លែងល្បីៗក្នុងក្រុមពែកមី រួមមានលោកចែម ចាន់ដារ៉ា ហៅពែកមី នាយក្រូច នាងអ៊ីត យាយតយ នាយចឺម កញ្ញាវ៉ាន់ នីឡា និងតារាកំប្លែង ក្នុងក្រុមពែកមីជាច្រើនទៀត បានជួបជុំគ្នាសម្ដែងការ ដឹងគុណដល់ នាយកុយ នាយឃ្លោក និងអ្នកនាងគ្រត ។
ដោយសារតែអ្នកទាំង៣ ធ្លាប់ធ្វើជាគណកម្មការផ្ដល់ពិន្ទុ ឲ្យពួកគេបានជាប់ក្នុងកម្មវិធីប្រឡង «មហាកំប្លែង» កាលពីប៉ុន្មានឆ្នាំមុន។ ក្នុងនោះលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ត្រូវបានក្រុមកំប្លែងមួយវង់នេះ អញ្ជើញឲ្យមកទទួល នូវការដឹងគុណ របស់ពួកគេផងដែរ កាលពីព្រឹកថ្ងៃទី២៨ កញ្ញានៅគេហដ្ឋាន លោកពែកមីផ្ទាល់ នៅបុរីពិភពថ្មីឫស្សីកែវ ។
លោកពែកមី និយាយថាបើគ្មាន អ្នករៀបចំកម្មវិធីមហាកំប្លែង គ្មានការផ្ដល់ពិន្ទុរបស់នាយកុយ អ្នកនាងគ្រត និងនាយឃ្លោក ពួកខ្លួន មិនបានក្លាយខ្លួនជាតារាកំប្លែង និងមានឱកាសវិវត្តន៍ខ្លួន ក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង មកទល់នឹងពេលនេះនោះដែរ។ ចឹងហើយ ទើបលោក និងនាយក្រូច ព្រមទាំងក្រុមកំប្លែងរួមក្រុម បានសម្រេចទិញជាកាដូ និងជូនជាថវិកាជូនដល់អ្នកទាំង៤ ក្នុងអំឡុងខែភ្ជុំ ដើម្បីជាការរំលឹកគុណ។ លោកថាកន្លងមកពួកខ្លួន បានត្រឹមតែធ្វើការគោរពចំពោះអ្នកទាំង៤ ក្នុងនាមជាតាររៀមច្បងប៉ុណ្ណោះ ប៉ុន្តែដើម្បីឲ្យអ្នកទាំង៤បានដឹងទើបសម្រេចអញ្ជើញពួកលោកទាំង៤ ឲ្យមកទទួលនូវការគោរព ពីសំណាក់ក្រុមកំប្លែងរបស់ខ្លួន ជាពិសេសគឺពីតារាៗដែលធ្លាប់ត្រូវបាននាយកុយ អ្នកនាងគ្រត និងនាយឃ្លោក ជ្រើសឲ្យជាប់ក្នុងកម្មវិធីប្រឡងមហាកំប្លែង។
លោកកុយ អ្នកនាងគ្រត នាយឃ្លោក និងលោកតាវ៉ិចទ័រសុទ្ធតែបានបញ្ជាក់ប្រហែលគ្នាថា នេះជាលើកទី១ ដែលបេក្ខជនដែលខ្លួន ដាក់ពិន្ទុឲ្យជាប់ ហើយក្រោយពេលបាន ល្បីឈ្មោះក៏នឹងឃើញដឹងគុណ និងបានជូនជាកាដូជាលក្ខណៈធំដុំ។ ពួកលោកទាំង៤បានបញ្ចេញអារម្មណ៍រំភើបចង់អួលដើមករ និងបានប្រកាសជាចំហរថា នាពេលកន្លងមកពួក លោកបានជួយលើកស្ទួយ តារាសិល្បៈឲ្យមានមុខបោះសំឡេងច្រើននាក់ មកហើយ ប៉ុន្តែមិនធ្លាប់បានទទួលនូវការដឹងគុណដូចគ្នានឹងក្រុមពែកមីបានធ្វើនោះឡើយ ៕
https://www.youtube.com/watch?v=p6NNa4cQqdU&feature=youtu.be























មតិយោបល់