ព័ត៌មានជាតិ

ទិវាទេសចរណ៍ពិភពលោកឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី​ទាំង​អស់គ្នា-ជំរុញ​​​ភាព​ទៅដល់ជាសាកល”​

ភ្នំពេញ: ទិវាទេសចរណ៍ពិភពលោកឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ “ទេសចរណ៍ដើម្បីទាំងអស់គ្នា – ជម្រុញភាពទៅដល់ជាសាកល” (Tourism for all- Promoting Universal Accessibility) អមជាមួយពិធីប្រកាសផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវ:សកលសម្រាប់វិស័យទេសចរណ៍ឆ្ពោះទៅរកទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ-UNWTO (Global Code of Ethic for Tourism) និងផ្សព្វផ្សាយដាក់ឱ្យអនុវត្ត “ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន” “ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ” និងស្តង់ដា “MICE” កម្ពុជា ។

ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោក ក្នុងគោលបំណងបំផុស និងបញ្ជ្រាបការយល់ដឹងជាសាធារណ:ពីតួនាទីដ៏មានសារ:សំខាន់នៃវិស័យទេស-ចរណ៍ក្នុងការចូលរួមដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កិច្ចការពារបេតិកភណ្ឌវប្បធម៌ធម្មជាតិ និងបរិស្ថាន និងក៏ដូចជាបំផុសឲ្យគ្រប់ភាគីពាក់ព័ន្ធរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងពិធីបើកទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)ថា សម្រាប់កម្ពុជា ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ដីពីការរៀបចំទិវាទេសចរណ៍ពិភពលោក ដោយកំណត់យកថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាទេសចរណ៍ពិភពលោកនៅក្នុងព្រះរាជាណា-ចក្រកម្ពុជា។ សម្រាប់ឆ្នាំ២០១៦នេះ ទិវាទេសចរណ៍ពិភពលោកត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ “ទេសចរណ៍ដើម្បីទាំងអស់គ្នា – ជំរុញភាពទៅដល់ជាសាកល” ។

ជាមួយគ្នានោះក្រសួងទេសចរណ៍ក៏បានប្រកាសផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវ:សកលសម្រាប់វិស័យទេសចរណ៍ឆ្ពោះទៅរកទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ-UNWTO (Global Code of Ethic for Tourism) និងផ្សព្វផ្សាយដាក់ឱ្យអនុវត្ត “ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន” “ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ” និងស្តង់ដា “MICE” កម្ពុជា ផងដែរ ដែលជាសមាសធាតុមួយដ៏សំខាន់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ក៏ដូចជាទស្សនទានវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ស្របតាមប្រធានបទនៃទិវាទេសចរណ៍ពិភពលោក នាឆ្នាំនេះ៕

photo_2016-09-29_12-39-46

photo_2016-09-29_12-39-39

photo_2016-09-29_12-39-40

photo_2016-09-29_12-39-42

photo_2016-09-29_12-39-44

មតិយោបល់