កំពង់ធំៈ ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលជាក្រុមគ្រួសារជនពិការទទួលដីសម្បទានសង្គមកិច្ចចំនួន១៧០០ហិកតា ដែលត្រូវបានអាជ្ញាធរបែងចែកឲ្យសម្រាប់សាងសង់លំនៅដ្ឋានមានចំនួន១០០០ហិកតា នៅសល់៧០០ហិកតា ជាដីរបស់ប្រជាពលរដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋអាស្រ័យផល ធ្វើផ្ទះ និងធ្វើចម្ការ តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដីចំនួន៧០០ហិកតា គឺជាដីរបស់ប្រជាពលរដ្ឋ ត្រូវបានលោក ឈុន និងលោក ផល មេភូមិសូងសាង និងលោក រដ្ឋ សុខហេង ឃុបឃិតគ្នាយកគ្រឿងចក្រមកឈូសឆាយដីរបស់ពួកគាត់ ដែលបាន និងកំពុងអាស្រ័យផលជារៀងរាល់ឆ្នាំ។ បន្ថែមលើសពីនេះ ពួកឈ្មួញបានឈូសដំណាំ ដំឡូង និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីយកដីទៅលក់ ថែមទាំងបានសុំទិញដីរបស់ប្រជាពលរដ្ឋក្នុងមួយហិកតា ១២០០ដុល្លារ តែមានបងប្អូនខ្លះលក់ អ្នកខ្លះមិនលក់ ដោយសារខ្លាចការគំរាមគំហែងរបស់បុគ្គលទាំង៣នាក់ ថាសុំទិញតាមសម្រួលបើលក់ គឺបានលុយខ្លះ តែបើមិនលក់ប្រយ័ត្នអត់បានអ្វីសោះ គឺក្នុងនោះត្រូវបានលោក ឈុន លោក រដ្ឋ សុខហេង និងលោក ផល យកគ្រឿងចក្រចំនួន៣គ្រឿង មកឈូសឆាយដីតែពុំមានការហាមគាត់ពីសំណាក់អាជ្ញាធរបន្តិចឡើយ។
ដីសម្បទានសង្គមកិច្ចជនពិការស្ថិតនៅចំណុចត្រពាំផ្ទិល ស្ថិតនៅក្នុងភូមិសូងសាង ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានឈ្មួញទាំង៣នាក់នេះ ប្លន់យកពីប្រជាពលរដ្ឋ ហើយយកមកលក់ឲ្យឈ្មួញបន្តក្នុងតម្លៃ៣២០០ដុល្លារ ទោះជាប្រជាពលរដ្ឋខំប្រឹងអង្វរកដល់អាជ្ញាធរជាច្រើនឲ្យជួយដោះស្រាយ តែហាក់គ្មាន អ្នកណាម្នាក់អើពើនោះឡើយ តែសម្រាប់ប្រជាជនណាមិនលក់ ក៏ត្រូវបានគេឈូសយកដែរ។
សូមស្តាប់បទសម្ភាសរបស់តំណាងប្រជាពលរដ្ឋ ដែលត្រូវបានលោក ឈុន លោក ផល និងលោក រដ្ឋ សុខហេង ឃុបឃិតគ្នាយកដីរបស់ពួកគាត់៕
មតិយោបល់