ភ្នំពេញៈ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្តាញ Facebook ភ្លាម លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានអំពាវនាវរកជំនួយដើម្បីជួយសម្រាលដល់ថ្លៃព្យាបាលដល់គ្រួសាររបស់ជនរងគ្រោះនាព្រឹកថ្ងៃទី២៩ កញ្ញា ២០១៦នេះ ក្រុមការងារបាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគនេះយកទៅប្រគល់ជូនគាត់ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តស្វាយរៀង។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងលោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខ តែងតែខ្វល់ខ្វាយស្វះស្វែករកជំនួយគ្រប់មជ្ឍដ្ឋានដើម្បីជួយទុរគតជនទីទាល់ក្រនិងមានបញ្ហាផ្នែកជីវភាពឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម។ជាក់ស្តែងកាលពីកន្លងទៅលោកបានចំណាយថវិកាផ្ទាល់ខ្លួននិងថវិកាដែលសប្បុរសជនបានឧបត្ថម្ភជួយដល់គ្រួសារទីទាល់ក្រចាស់ជរានិងគ្រួសារមានជំងឺខ្វះលទ្ធភាពព្យាបាល ជារឿយៗផងដែរ។
ក្នុងនោះគ្រួសារជនរងគ្រោះបានបង្ហោះតាមFacebookអំពាវនាវសុំការឧបត្ថម្ភទាំងស្រុងរបស់អាណាព្យាបាល រួមមាន ខ្ញុំបាទឈោ្មះ សោម សុផាន និង នាងខ្ញុំឈោ្មះ រ័ត្ន សាម៉ាន សព្វថ្ងៃ ខ្ញុំរស់នៅ ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សូមសម្តេច ហ៊ុន សែន មេត្តាជួយដល់ខ្ញុំបាទនិងនាងខ្ញុំផងឥទ្បូវនេះគ្រួសាររបស់ខ្ញុំបាទកំពុងជួបទុក្ខលំបាកជាទម្ងន់ដោយកូនរបស់ខ្ញុំបាទឈ្មោះ សោម រតនា បានជូបគ្រោះថ្នាក់ចរាចរណ៍ហើយ ឥទ្បូវនេះកូនរបស់ខ្ញុំបាទត្រូវបានកាត់ជើងម្ខាងហើយប៉ុន្តែព្យាបាលមិនទាន់ជានៅទ្បើយទេនៅពេលឥទ្បូវនេះកូនរបស់ខ្ញុំបាទកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ទី២ ខ្ញុំបាទនិងនាងខ្ញុំមានការខ្វះខាតខ្លាំងណាស់ គ្រួសាររបស់ខ្ញុំបាទមានភាពក្រលំបាកខ្លាំងណាស់ខ្ញុំបាទមានមុខរបរធ្វើជាកម្មករឲ្យគេ រីឯប្រពន្ធរបស់ខ្ញុំបាទវិញក៏ពិការជើងហើយគាត់ជាស្រ្តីមេផ្ទះរាល់ថ្ងៃគាត់រស់ពឹងលើប្តីខ្ញុំបាទនិងនាងខ្ញុំមានកូនប្រុសតែមួយម្នាក់គត់ខ្ញុំបាទនិងនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនដែលជាអ្នកធ្វើបុណ្យទានសូមជួយដល់កូនខ្ញុំបាទនិងនាងខ្ញុំផងដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងកូនរបស់ខ្ញុំបាទសង្ឃឹមរស់បានតិចណាស់។ ដូច្នេះនៅពេលនេះ លោកហែម ដារិទ្ធិ បាននាំយកថវិកាសប្បុរសធម៌ចំនួន១លាន២សែនរៀល រួមនិងសម្ភារៈមួយចំនួនទៀត របស់លោក ប៉ឹល កុសល ជូនដល់ជនរងគ្រោះខាងលើនេះ ។
គួរបញ្ជាក់ថា យុវជនខាងលើបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០១ កញ្ញា២០១៦ នៅចំណុចផ្លូវជាតិលេខ១ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបង្កឡើងដោយរថយន្តមិនចាំម៉ាកបុកហើយរត់បាត់ស្រមោលតែម្តង ៕





មតិយោបល់