កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈរូបគេបើកម៉ូតូលឿនមានពាក់កាសទូរស័ព្ទជាប់ត្រចៀក ពេលដល់ផ្លូវបែកជាបួនក៍បានវ៉ាក់អើបុករថយន្ត បណ្តាលអោយរូបគេផ្លោងបុកកញ្ចក់រថយន្តតែម្តង។ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥៣ ចំណុចផ្លូវបែកជា៤ចូលអង្គភាពស៊ីម៉ាក់ ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
អ្នកឃើញហេតុការណ៍នេះបានអោយសមត្ថកិច្ចដឹងថា៖មុនពេលកើតហេតុ បុរសឈ្មោះ ស៊ិន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បានជិះម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1D-1599 បើកបរចេញពីវត្តក្តីត្នោតពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៍បានបុកពេញទំហឹងចំចំហៀងថ្ពាល់ខាងស្តាំរបស់រថយន្តមួយគ្រឿងម៉ាកកាមរីសេរី៩១ ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ 2E-2999 បើកបរដោយមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងម្នាក់ ដែលបានបើកបរក្នុងទិសខ្វែងគ្នាពីកើតទៅលិច បណ្តាលអោយបុរសជិះម៉ូតូហោះផ្លោងក្បាលបុកចំកញ្ចក់រថយន្តរងរបួស
យ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត តែដោយរថយន្តសង្គ្រោះមកយឺតយ៉ាវ ក្រុមគ្រួសារក៍បានដឹកជនរងគ្រោះតាមម៉ូតូឌុបយកទៅមន្ទីរពេទ្យដោយខ្លួនឯង។ម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំតាមនីតិវិធី។
ករណីគ្រោះថ្នាក់ខាងលើនេះត្រូវបានគេសន្និដ្ឋានថា៖បណ្តាលមកពីបុរសរងគ្រោះ បើកម៉ូតូមានល្បឿនក្នុងផ្លូវមានឧបសគ្គ និងម្យ៉ាងទៀតមានកាសពាក់ជាប់ត្រជៀកទៀតផង ចំណែករថយន្តក៍បានបើកលឿនដូចគ្នាដែរ ទើបបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់បែបនេះ៕
មតិយោបល់