ព័ត៌មានជាតិ

ក្រោយពេល ដោះដូរទីតាំង សឹករង ស្រុកសំពៅលូន បែកធ្លាយរឿងមិនប្រក្រតី

បាត់ដំបង: ទីតាំងតំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន ដែលស្ថិតក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានគេធ្វើការដោះដូរ យ៉ាងស្ងៀមស្ងាត់ ស្របពេល ដែលដីកំពុងឡើងថ្លៃ ពិសេស គឺដីដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ដែលបញ្ហានេះ បានធ្វើឱ្យមានការរិះគន់ និងត្អូញត្អែរ យ៉ាងខ្លាំង អំពីសំណាក់មន្ត្រីយោធា ក្រោមឱវាទ។

បើតាមការទម្លាយ ចេញពីប្រភពមួយ បានឱ្យដឹងថា ទីតាំងតំបន់ប្រតិបត្តិការសឹករង ស្រុក
សំពៅលូន គឺស្ថិតនៅជាប់នឹងផ្លូវជាតិ លេខ៥៧ B ហើយក៏កំពុងតែមានហាងឆេង ទៀតផង។ លុះនៅក្នុងអំឡុងខែមិនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ស្រាប់តែមានលិខិតជាលាយលក្ខ័អក្សរ ដោយមានចុះហត្ថលេខា ពីអស់លោកធំៗ នៅក្នុង ខេត្តបាត់ដំបង ផង ដោយបានឯកភាព សម្រេចធ្វើការដោះដូរទីតាំងចាស់ ដែលមានទំហំដី ជិតមួយរ៉ៃ ទៅឱ្យលោក រង សារឹម ដែលជាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង នេះ ផ្ទាល់តែម្តង ហើយអង្គភាពសឹករងទាំងមូល ត្រូវផ្លាស់ប្តូរ ទៅនៅលើដីរបស់លោក រង សារឹម វិញ ដែលមានទីតាំងនៅក្នុង ភូមិវាលវង់ ឃុំតាស្តារ ស្ថិតនៅជាប់នឹងជើងភ្នំ ដែលជាវាលរហោស្ថាន និងជាតំបន់ទំនាប ថែមទៀត។

ប្រភពក្រៅផ្លូវការដដែល បានបន្ថែមថា ក្នុងកិច្ចសន្យា នៃការដោះដូរនេះ គឺម្ចាស់ដី ត្រូវចាក់ដីបំពេញឱ្យបានខ្ពស់ ដោយមានសង់ទីបញ្ជាការដ្ឋានមួយខ្នង និងបង្គន់អាចម៍មួយ តែប៉ុណ្ណោះ ដែលបញ្ហានេះ បានធ្វើឱ្យមន្ត្រីយោធា ដែលនៅក្នុងអង្គភាព មានការថ្នាំងថ្នាក់ចិត្ត យ៉ាងក្រៃលែង ទៅលើថ្នាក់ដឹកនាំរបស់ខ្លួន ដែលមិនចេះទាមទា ឬតវ៉ាអ្វីទាល់តែសោះ ទុកឱ្យមេបញ្ជាការរង ធ្វើព្យុះធ្វើភ្លៀង ទៅតាមតែអំពើចិត្ត ដែលរឿងនេះ ក៏ទំនងជារឿងមួយ ពោរពេញដោយភាពមិនប្រក្រតី ផងដែរ។ បើមិនដូច្នេះទេ វាមិនដែលនៅសុខៗ ទៅនាំគ្នាធ្វើការដោះដូរដី យ៉ាងងាយៗ បែបនេះនោះទេ លុះត្រាតែមើលឃើញថា វាអាចកប់ក្តោងហើយ ទើបហ៊ានប្រថុយ យ៉ាងនេះ។

ជួបជាមួយ Post News កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ តាមរយ:ទូរស័ព្ទ លោក ឯម សាខន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន បានលើកឡើង នូវប្រយោគមួយ ដែលហាក់ដូចជា មនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួន ហើយក៏ហាក់ដូចជា មនុស្សអស់សង្ឃឹមដែរថា លោកទទួលស្គាល់ គឺដីនៅកន្លែងទីតាំងចាស់ វាពិតជាមានតម្លៃថ្លៃជាងមែនហើយ បើនិយាយពីការលក់ដូរ ប៉ុន្តែគ្រាន់តែថា នៅទីតាំងថ្មី វាមានដី
ធំទូលាយជាង តែប៉ុណ្ណោះ ហើយគេបានសន្យាថា ការដោះដូរនេះ គេនឹងចាក់ដីឱ្យពេញ
ប៉ុន្តែគេសង់ឱ្យតែអាគារទីបញ្ជាការដ្ឋានមួយខ្នង រួមទាំងបន្គន់មួយ តែប៉ុណ្ណោះ ក្រៅ
ពីនេះ អង្គភាព ត្រូវសាងសង់ដោយខ្លួនឯង។

ចំពោះសំណួរ ដែលអ្នកសាព័តិមានសួរថា តើការដោះដូរនេះ លោកមានសល់នូវកម្រៃដែរ ឬទេ
ដើម្បីយកទៅសាងសង់ រោងបាយ ឬអាគារស្នាក់នៅរបស់មន្ត្រីយោធា ក្នុងអង្គភាព តែលោក
បានឆ្លើយតាមរបៀបមនុស្សអស់សង្ឃឹមថា គ្មានចំណេញអ្វីមួយរៀលទេ ប៉ុន្តែដោយសារតែ
មានការឯកភាព ពីថ្នាក់លើអស់ហើយ ដូច្នេះលោក ក៏ឯកភាពនឹងគេទៅ ហើយបច្ចុប្បន្ន គឺគេបានកាយដី យកពីស្រះទឹកខាងក្រោយ មកចាក់បំពេញតែមួយផ្នែកខាងក្រោយ ឱ្យស្មើខាងមុខ តែប៉ុណ្ណោះ ដូច្នេះទំនាប គឺនៅតែទំនាបដដែល ហើយគេបានសង់ឡើង នូវអាគារទីបញ្ជាការដ្ឋាន មួយខ្នង ជិតរួចរាល់ហើយ និងបង្គន់អាចម៍មួយ ក្រៅពីនេះ លោកមេបញ្ជាការ ឯម សាខន ត្រូវស្វែងរកថវិការ ដើម្បីសាងសង់បន្ត។

រាល់បញ្ហានេះ គឺមានមន្ត្រីយោធាជាច្រើន បានធ្វើការរិះគន់ ទៅលើថ្នាក់ដឹកនាំ ដែលចេះតែអនុម័ត ដោយមិនគិតឱ្យបានគ្រប់ជ្រុងជ្រោយ សំខាន់ធ្វើយ៉ាងណា វ៉ៃចេញឱ្យទាន់
រដូវដីមានហាងឆេង ព្រោះនៅពេលនេះ អាគារទីបញ្ជាការចាស់ មិនទាន់រុះរើផង ស្រាប់ តែឮពាក្យល្ហៀងៗថា មានគេឱ្យតម្លៃរហូតជាង ១០មុឺនដុល្លារអាមេរិក ទៅហើយ នេះបានចំជា
លេខឡើង តាមជើងខោមែន គិតទៅអ្នកមានលុយ និងអ្នកមានអំណាច ធ្វើអ្វីក៏សមទាំអស់។

មន្ត្រីតូចតាច នៅក្រោមឱវាទ បានសំណូមពរដល់ក្រសួងការពារជាតិ មេត្តាពិនិត្យឡើងវិញ រាល់បញ្ហានេះថា តើវាពិតជាមានភាពប្រក្រតីដែរ ឬទេ? ព្រោះពេលនេះ ទីតាំងចាស់
ក៏លែងបានចូលទៅបំរើការងារ ឯទីតាំងថ្មី ក៏សាងសង់មិនទាន់រួច ដែលស្ថិតនៅលើដី
វាលរហោស្ថាន តែម្តង ដែលពោរពេញដោយកម្ដៅថ្ងៃ គ្មានដើមឈើមួយដើមទាល់តែសោះ
តើឱ្យពួកគេទៅធ្វើការនៅត្រង់ណា គួរទៅបញ្រ្ជៀតគ្នាបែបណា បើមានតែទីបញ្ជាការ
តូចមួយ។

បើបែបនេះមែន តទៅមុខ តំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន អាចរលាយ ក៏ថាបាន
ដោយសារតែកម្តៅថ្ងៃ ដ៏សែនក្តៅ ហើយទីតាំង ដែលមានម្លប់ល្អ ត្រូវអ្នកមានលុយ ប្រមូលដោះដូរ គ្មានសល់អស់ទៅហើយនោះ៕

photo_2016-04-27_14-21-40 photo_2016-04-27_14-21-43 photo_2016-04-27_14-21-46 photo_2016-04-27_14-21-49 photo_2016-04-27_14-21-52 photo_2016-04-27_14-21-54 photo_2016-04-27_14-22-00 photo_2016-04-27_14-22-03

មតិយោបល់