កំពង់ចាមៈ ពិតជាដូចពាក្យចាស់ពោលថា កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ ទោះបីជាប្លន់តាំងពី១២ឆ្នាំមុន ក៏មិនរួចខ្លួនដែរ ច្បាប់គ្មានមនោសញ្ចេតនាចំពោះជនណាម្នាក់ ដែលប្រព្រឹត្តផ្ទុយពីច្បាប់ឡើយ។ រដូវបិណ្ឌភ្ជុំមកដល់ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដាក់រាយចាំឃ្លាំមើលមុខសញ្ញាដែលជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ដែលមានដីកាចាប់ខ្លួន។
ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ឲ្យដឹងថា យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក លន់ លឹមថៃ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម កងកម្លាំងនគរបាលបានសហការជាមួយកម្លាំងប្រជាការពារយ៉ាងស្អិតល្មួត គ្រប់អង្គភាព គ្រប់ការិយាល័យជំនាញ អធិការដ្ឋាន និងជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានដីកានៅនឹងដៃ តាមប្រមាញ់មុខសញ្ញាជនសង្ស័យ ដែលត្រូវចាប់ខ្លួនឲ្យខាងតែបាន។
ជាក់ស្ដែង កន្លាំងនគរបាលបានអនុវត្តតាមដីកាចំនួន៩ ហើយចាប់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ក្នុងនោះ បទឧក្រិដ្ឋចំនួន៣ករណី គឺត្រូវចាប់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ទី១-ករណីប្លន់នៅស្រុកចំការលើ កាលពីឆ្នាំ២០០៤ ចំនួនម្នាក់ ទី២-ករណីប៉ុនប៉ងប្លន់ក្នុងក្រុងកំពង់ចាម កាលពីឆ្នាំ២០០៦ ចំនួនម្នាក់ និងទី៣-ករណីប្លង់នៅស្រុកកងមាស កាលពីឆ្នាំ២០០៧ ចំនួនម្នាក់។ ដោយឡែក បទមជ្ឈឹមចំនួន៦ដីកា ត្រូវចាប់ខ្លួនជនសង្ស័យ២នាក់ ទី១-ករណីហិង្សាដោយចេតនា នៅស្រុកព្រៃឈរ ចាប់ខ្លួន២នាក់ (៥ដីកា) និងទី២-ករណីនៅចំកាលើ ១ដីកា ចាប់បានម្នាក់ តែជននេះជាមនុស្សតែមួយដែលពាក់ព័ន្ធបទឧក្រិដ្ឋក្នុងឆ្នាំ២០០៤ផងដែរ។ ចំពោះបទល្មើសជួញដូរគ្រឿងញៀន មានចំនួន៣ដីកា ត្រូវចាប់ខ្លួនជនសង្ស័យ៣នាក់ គឺនៅស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់