ព័ត៌មានជាតិ

បើកម៉ូតូទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យ២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីក្មេងប្រុសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកបង្គោលស្លាកសញ្ញា​ចរាចរណ៍យ៉ាងពេញទំហឹង បណ្តាលឲ្យ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៥៦ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិតា​អុងកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំង៣នាក់ខាងលើ ទី១ឈ្មោះ ឃាក់ ធឿង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនភូមិគោករកា ឃុំស្វាយចេក ស្រុកស្វាយចេក (បាក់កស្លាប់ជាអ្នកបើកបរម៉ូតូ) ។ ទី២ឈ្មោះ ភី ផា ភេទប្រុស អាយុ១៥ ឆ្នាំភូមិជា​មួយគ្នា (បាក់កស្លាប់និងកន្លែង) ។និងទី៣ឈ្មោះ ជូ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ត្រូវបាន​គេ​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបូរី) ។

យោងតាមប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសម្នាក់ បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1B-5631 រួមដំណើរជាមួយនឹងក្មេង២នាក់ទៀតនៅខាងក្រោយ បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ លុះ​បាន​មកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍យ៉ាងពេញទំហឹង បណ្តាលឲ្យក្មេងប្រុស២នាក់​បាក់​ក​ស្លាប់នៅ​នឹង​កន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបុរី ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាន​ប្រគល់សាកសពជនរងគ្រោះរួមនិងម៉ូតូទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ព្រោះករណីនេះបង្កឡើងដោយខ្លួនឯង៕

គ្រោះថ្នាក់ចរាចរគ្រោះថ្នាក់ចរាចរគ្រោះថ្នាក់ចរាចរ

មតិយោបល់