ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែតុលានេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រៀមទទួលការងារអនុវត្តនៅក្នុងឱកាសបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៩ ដល់ថ្ងៃ១១វិច្ឆិកា អបអរសាទរខួបកំណើតនៃកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៣ ដល់១៥ វិច្ឆិកាខាងមុខនេះ។
លោក ថាច់ ផែន មានប្រសាសន៍ថា ឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចរៀបចំបុណ្យជាតិសំខាន់ៗ ដែលកម្ពុជាធ្លាប់បានធ្វើពីមុនៗមក ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនមានភារកិច្ចចូលរួមននឹងត្រៀមលក្ខណសម្បត្តិ ដើម្បីរៀបចំនិងអនុវត្តឲ្យប្រព្រឹត្តដោយរលូននិងជោគជ័យ។
លោករដ្ឋលេខាធិការបន្តថា ក្នុងឱកាសបុណ្យជាតិសំខាន់ៗនោះដែរ ក៏មានសកម្មភាពជាច្រើនទៀត ដើម្បីធ្វើការផ្សព្វផ្សាយ ពិសេសផ្សព្វផ្សាយអប់រំ អំពីការប្រយុទ្ធនឹងជំងឺអេដស៍ដល់ប្រជាពលរដ្ឋ និងកីឡាករក្នុងនោះមានបង្ហាញនូវសារសម្រាប់ប្រើក្នុងពិធីបុណ្យចំនួន១៤ ដើម្បីរំលឹកដល់ពួកគាត់កុំឲ្យភ្លេចអេដស៍ ហើយក៏មានវេទិកាប្រគុំដន្រ្តីនិងឆាកកំប្លែង មានស្តូបពីអង្គការសង្គមស៊ីវិលសម្រាប់តាំង ស្រោមអនាម័យ កូនសៀវភៅតូច និងឯកសារផ្សព្វផ្សាយផ្សេងៗ ស្តូបសម្រាប់ធ្វើតេសឈាមចុងម្រាមដៃនិងផ្តល់ប្រឹក្សាជាដើម។
តំណាងគណកម្មការអេដស៍នៃក្រសួងព័ត៌មានបានបញ្ជាក់ថា ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍ ស្របពេលដែលកម្ពុជាប្រារព្ធពិធីបុណ្យជាតិសំខាន់ៗផងនោះក៏មានរៀបចំសកម្មភាពនានាជាច្រើនទៀត ដើម្បីចូលរួមអប់រំពីបញ្ហាអេដស៍ ដូចជាចាក់ភ្លេង ប្រឹក្សាយោបល់ ការធ្វើតេសឈាមរកមេរោគអេដស៍ មានសំណួរចម្លើយ ចែករង្វាន់លើកទឹកចិត្តដល់អ្នកចូលរួមក្នុងសកម្មភាពអប់រំ បង្ការអំពីជំងឺអេដស៍៕
មតិយោបល់