ភ្នំពេញៈ នារីម្នាក់ បានរងរបួសធ្ងន់ធ្ងរ ព្រោះតែដើរឆ្លងផ្លូវហើយត្រូវម៉ូតូបុកដួលបោក ទៅនឹងថ្នល់គាប់ជួនរថយន្ត១គ្រឿង មកដល់ក៏កិនថែមទៀត កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ មុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាក់ស្ដែងនៅពេលកើតហេតុនារីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរបួសធ្ងន់ដែលមានអាយុជាង២០ឆ្នាំ រងរបួសត្រង់ក្បាល និងខ្លួនធ្ងន់ធ្ងរ ។ ចំណែកម៉ូតូបង្កម៉ាកស្កុកពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Q-6998 រីឯរថយន្តបង្ក១គ្រឿងទៀតម៉ាក តូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2Z-4419 បើកបរដោយស្ត្រីម្នាក់មិនបានគេចទៅណានោញទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះម្នាក់គាត់ដើរឆ្លងផ្លូវព្រះមុនីវង្ស ខណៈដល់ពាក់កណ្តាលផ្លូវក៏ត្រូវម៉ូតូ១គ្រឿងជិះដោយបុរសម្នាក់បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូងក៏បុកជនរងគ្រោះពេញទំហឹង ធ្វើឲ្យដួលបោកនឹងថ្នល់ ភ្លាមៗនោះស្រាប់តែមានរថយន្ត១គ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាបើកមកដល់កិនបន្ថែមទៀត បណ្តាលឲ្យនារីរងគ្រោះរងរបួសធ្ងន់ បែកក្បាលហូរឈាមពេញខ្លួន ចំណែកអ្នកជិះម៉ូតូរងរបួសបែកក្បាលដែរ តែមិនទៅណានោញទេ ។
ចំណែកឯម្ចាស់ម៉ូតូបង្កបានឲ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូ តាមបណ្តោយផ្លូវព្រះមុនីវង្ស ពេលជិះមកដល់មុខសណ្ឋាគារភ្នំពេញ ក៏វ៉ាក់អើនឹងមនុស្សឆ្លងផ្លូវ រូបគេចាប់ហ្វ្រាំងផ្តួលម៉ូតូហើយជ្រុលទៅបុកអ្នកដំណើររូបនោះ ដួលចូលក្រោមរថយន្តកិនរបួសធ្ងន់ ។
ជាមួយគ្នានោះដែរស្ត្រី ដែលបើករថយន្តកិនមនុស្សរបួសធ្ងន់នោះ បានប្រាប់ឲ្យដឹងដែរថា រូបគាត់មិនមានកំហុសនោះទេ ហើយក៏មិនបានដឹងដែរថា រថយន្តរបស់នាងកិនមនុស្ស ទាល់តែគេមកកាក់រថយន្តឲ្យឈប់ទើបដឹងថា មានមនុស្សនៅក្រោមរថយន្ត ។ បន្ទាប់មកនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយទៅតាមនិតិវិធី ៕
មតិយោបល់