ភ្នំពេញៈ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ (គជបអ) បានប្រកាសពីការប្រារពធ្វើពិធីបុណ្យខួបលើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៩-១០-១១ ខែវិច្ឆិកា មុនថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ២ថ្ងៃ ក្នុងឆ្នាំ២០១៦ខាងមុខនេះ។
យោងតាមផែនការណែនាំរបស់ (គជបអ) លេខ១៣\២០១៦បានឲ្យដឹងនៅថ្ងៃទី៤តុលានេះថា «ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយចំពោះទិវាប្រវត្តិសាស្រ្ត ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូណ៍ ក្រោមព្រះរាជបូជនីយកិច្ច ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៃ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ» នឹងរៀបចំពិធីនេះឲ្យបានមហោឡារិក អធិកអធមក្រៃលែង។
ក្នុងឱកាសនោះ (គជបអ) បានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់ចែងរៀបចំ ក្នុងរូបភាពមួយសមស្របទៅនឹងកិត្តិយសប្រទេសជាតិ ដោយមានចាត់តាំងមីទ្ទីញ មហាជន នៅបរិវេណវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការយាងចូលរួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក មន្រ្តីសង្ឃ ភ្ញៀវជាតិ អន្តរជាតិ ស៊ីវិល យោធា ប្រជារាស្រ្តយ៉ាងច្រើនកុះករ។
ក្រៅពីនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវអនុវត្តការងាររបស់ខ្លួនដែលរាជរដ្ឋាភិបាលបានដាក់ឲ្យ ពិសេសក្រសួងព័ត៌មាន ត្រូវចាត់តាំងឲ្យមានកម្មវិធីផ្សព្វផ្សាយ ខ្លឹមសារ និងអត្ថន័យ នៃទិវាបុណ្យឯករាជ្យជាតិឲ្យបានទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ស្តីពីព្រះរាជសកម្មភាពរបស់ព្រះបរមរតនកោដ្ឋ កាលមានព្រះជន្មគង់នៅ និងការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងមានកម្មវិធីផ្សាយផ្ទាល់នូវពិធីប្រទានភ្លើងជ័យនិងពន្លត់ភ្លើងជ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ៕
មតិយោបល់