ភ្នំពេញៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោកស្រី Sarash Fox តំណាងពិសេសទទួលបន្ទុកកិច្ចការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក អមដោយតំណាងការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យការងារ ព្រមទាំងស្វែងយល់បន្ថែមទៀតទៅលើកការអនុវត្តន៍សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងសិទ្ធិការងារ និងលក្ខខណ្ឌការងារនៅកម្ពុជា។
សហរដ្ឋអាមេរិកបានសម្ដែងនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវត្តន៍រីកចម្រើនថ្មីៗនេះនៅកម្ពុជា ជាពិសេសការចាប់ផ្តើមអនុវត្តនូវច្បាប់ស្តីពីសហជីព និងការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ហើយបានអបអរសាទរ និងលើកទឹកចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំធានាបាននូវបទដ្ឋានស្តង់ដាការងារល្អប្រសើរ លើកកម្ពស់សុខដមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងដោះស្រាយបានរាល់បញ្ហាប្រឈម និងពង្រីកឱកាសនៃការធ្វើពាណិជ្ជកម្ម និងវិនិយោទុនបន្ថែមទៀត។
សហរដ្ឋអាមេរិកនៅតែជាដៃគូរពាណិជ្ជកម្ម ដ៏ចម្បងរបស់កម្ពុជា ហើយភាគីទាំងពីរនឹងខិតខំបន្តរក្សានូវបទដ្ឋានស្តង់ដារការងារផ្សាភ្ជាប់ពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្មទៅលើវិស័យផ្សេងទៀតក្រៅពីឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង ដូចជាសម្ភារៈសម្រាប់ធ្វើដំណើរជាដើម ដែលសហរដ្ឋអាមេរិកទើបផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មថ្មីៗ (GSP) កន្លងទៅនេះដល់កម្ពុជា៕
មតិយោបល់