ព័ត៌មានជាតិ

សាលា​រាជធានី កំណត់​យក​ភ្លើងស្តុប​ចំនួន ០៦ កន្លែង ដើម្បី​លប់បំបាត់​ជនអនាថា និង​អ្នកសុំទាន​

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​យក​តំបន់​ភ្លើងស្ដុប​ចំនួន ០៦​កន្លែង ដើម្បី​លប់បំបាត់​ជនអនាថា អ្នកសុំទាន និង​អ្នកលក់​ផ្កា ធ្វើជា​គំរូ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ទូទៅ​ដែល​ឆ្លងកាត់​។​
20140621_Kmeng

​នៅ​ព្រឹក ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ២០១៤ នេះ សាលា​រាជធានី​ភ្នំពេញ មាន​ផែនការ​យក​តំបន់​ភ្លើងស្តុប​ចំនួន ០៦ កន្លែង​ធ្វើ​ជា​គំរូ​គ្មាន​កុមារ​អនាថា និង​អ្នកសុំទាន ឬ​អ្នក​លក់​ផ្កា ដើម្បី​កុំឲ្យ​មាន​ផលប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ទូទៅ​ដែល​ឆ្លងកាត់ តាម​ភ្លើងស្តុប​ទាំងនោះ ដោយ​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង​រាជធានី​ភ្នំពេញ គោលបំណង​ដោះ ស្រាយ​បញ្ហា​ជនអនាថា និង​កុមារ​អនាថា នៅក្នុង​រាជធានី​ភ្នំពេញ​។

​លោកជំទាវ អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​ទៅ សាលា​រាជធានី​ភ្នំពេញ នឹង​បញ្ចប់​សកម្មភាព​កុមារ​អនាថា ជនអនាថា ដែល​ដើរ​សុំទាន ឬ​ដើរ​លក់​ផ្កា តាម​ចំណុច​ភ្លើងស្តុប​សំខាន់ៗ​ចំនួន ០៦​កន្លែង ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ឈានទៅ​អនុវត្តន៍​នៅ​ចំណុច​ភ្លើងស្តុប​ផ្សេងៗ​ទៀត ។ ចំណុច​ភ្លើងស្តុប​ទាំង​០៦​កន្លែង​នោះ រួមមាន​៖ ស្តុប​កាណាឌីយ៉ា ស្តុប​ទួលគោក ស្តុប​អាងទឹក​អូឡាំពិក ស្តុប​បូកគោ ស្តុប​ពេទ្យ​ចិន និង​ស្តុប​ផ្សារ​ដើម​គរ ។​
​តាម​ស្ថិតិ​របស់​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ចាប់ពី​ដើម​ខែ មករា ដល់​ខែ មិថុនា ឆ្នាំ​២០១៤​នេះ មន្ទីរ​បាន​ប្រមូល​ជនអនាថា​យកទៅ​អប់រំ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​បាន​ចំនួន ២៣៩​នាក់ ។ បើ​តាម​ការប៉ាន់ស្មាន បច្ចុប្បន្ន​នៅ​មាន​ជនអនាថា និង​អ្នកសុំទាន​ប្រមាណ​ជាង ១០០​នាក់​ទៀត ដែល កំពុង​ធ្វើ​សកម្មភាព តាម​ស្តុប​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕​
vice-gov.-meeting-200614-1-14034929594109820140621_Kmeng

មតិយោបល់