ព័ត៌មានកីឡា

គ្រូ​បណ្ដោះអាសន្ន​ជម្រើស​ជាតិ​អង់គ្លេស ​ថា​ខ្លួន​ស្រឡាញ់​បាល់ទាត់ មិនមែន​លុយ​ទេ

លោក Gareth Southgate គ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថារូបលោកស្រលាញ់វិស័យបាល់ទាត់ពិតប្រាកដមួយ មិនមែនជំនួញបាល់ទាត់ដើម្បីរកប្រាក់សម្រាប់ខ្លួនឯងនោះទេ។

Southgate ត្រូវសហព័ន្ធបាល់ទាត់អង់គ្លេសតែងតាំងឱ្យធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នភ្លាម ក្រោយពីបណ្ដេញលោក Sam Allardyce ចេញ។ ខណៈដែលគ្រូថ្មីនេះ គ្រាន់តែបានកាន់តំណែងក៏បានកោះហៅកីឡាករប្រមូលផ្ដុំដើម្បីត្រៀមប្រកួតនៅពេលខាងមុខ។ ដោយក្នុងការកោះហៅនោះ លោកSouthgate បានបង្ហាញចំណាប់អារម្មណ៍ភ្លាមថាលោកចូលចិត្តបាល់ទាត់ដែលមានសេរីភាព ហើយផ្ដល់ឱកាសឱ្យក្មេងៗបញ្ចេញសមត្ថភាព។

គ្រូបង្វឹកវ័យ៤៦ឆ្នាំខាងលើបានបន្ដថា៖ “ខ្ញុំអាចនិយាយបានថាខ្ញុំឈានជើងចូលក្នុងវិស័យបាល់ទាត់មួយដែលខ្ញុំស្រលាញ់ មិនមែនជំនួញអ្វីនោះទេ។ រឿងរ៉ាវដែលកើតឡើងក្នុងជម្រើសជាតិអង់គ្លេសកាលពីសប្ដាហ៍មុន ពិតជាធ្វើឱ្យខ្ញុំអន់ចិត្តណាស់ ខ្ញុំមិនចង់ឃើញហើយដឹងពីរឿងមិនល្អដូចគ្រានោះទៀតទេ”។

សហព័ន្ធបាល់ទាត់អង់គ្លេសកំពុងតែស្វែងរកគ្រូបង្វឹកផ្លូវការរបស់ខ្លួន ខណៈដែល Southgate មកចូលកាន់តំណែងបណ្ដោះអាសន្ននេះនឹងត្រូវដឹកនាំក្រុមប្រកួតទល់នឹងម៉ាក់តា និងស្លូវ៉ាគី ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2018៕

gareth-southgate-boro

មតិយោបល់