ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដេញតាមក្របួចវាយខ្នោះបានភ្លាមៗម្នាក់ខណៈបក្ខពួក២ទៀតបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីជិះម៉ូតូទៅធ្វើសកម្មភាព ឆក់កាបូបដាក់ប្រាក់ស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ យ៉ែម ហ៊ូវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅម្ហូបការ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួក២នាក់ទៀត បាននិងកំពុងរត់គេចខ្លួន ។
ចំណែកជនរងគ្រោះទី១ឈ្មោះ ម៉ូរ៉ា ហ្សា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបើកម៉ូតូ និងទី២ឈ្មោះ ម៉ូត វន្នី ភេទស្រី អាយុ៥៧ឆ្នាំត្រូវជាម្តាយ មុខរបរនៅផ្ទះ ជនរងគ្រោះ២នាក់ម្ដាយនិងកូន ស្នាក់នៅផ្ទះលេខ០៨ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកនាយនគរបាលប៉ុស្ដិ៍បានបន្តឲ្យដឹងទៀតថា បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យនៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ម្ដាយនិងកូន បានជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X ឌុបគ្នាចេញពីទិញមាសនៅផ្សារគីឡូម៉ែត្រលេខ៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយដៃមានកាន់កាបូបលុយដែលមានប្រាក់សរុបជាង២០០០ដុល្លារ។ ពេលជិះ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដែលមិនស្គាល់ម៉ាក បានមកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចឡើយ និងបណ្ដាលឲ្យ២នាក់ម្ដាយកូនដួលម៉ូតូដោយម្ដាយរងរបួសបែកក្បាល ព្រមទាំងរបូតកាបូបលុយពីដៃ ហើយភ្លាមនោះក៏លេចមុខជនសង្ស័យជាបក្ខពួកម្នាក់ទៀត ជិះម៉ូតូសេ១២៥មួយគ្រឿង បានមកឈប់រើសកាបូបបម្រុងជិះរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលឈរជើងយាមល្បាតនៅក្បែរកន្លែងកើតហេតុបានមកជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់វាយខ្នោះបក្ខពួក ជនសង្ស័យបានម្នាក់ដើម្បីយកមកសួរនាំ និងដកហូតបានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ១គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព រួមនិងកាបូបដែលមានប្រាក់ប្រមាណជាជាង២០០០ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ជនរងគ្រោះវិញផងដែរ ខណៈបក្ខពួក២នាក់បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេរួមជាមួយនិងបក្ខពួកដែលកំពុងរត់គេចខ្លួនពិតជាបានសហការគ្នាដោយធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះ២នាក់ម្ដាយកូនដែលកំពុងជិះម៉ូតូពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូ ត្រូវបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំនុំរឿង បញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់