កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានខឹងសម្បានឹងម្ចាស់ផ្ទះរងគ្រោះដែលបញ្ចាំងភ្លើងដាក់មុខ ក៏ទាញដុំថ្មគប់សំដៅទៅលើផ្ទះរបស់គេបណ្តាលឲ្យបែកអំពូលភ្លើង ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដុំថ្ម០៣ដុំ និងឥដ្ឋតាន់០១ដុំ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះព្រឹង ធី ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងនៅក្នុងផ្ទះស្រាប់តែជនសង្ស័យរូបនេះបានស្រែកជេរប្រមាថ និងយកដុំថ្ម និងដុំឥដ្ឋមកគប់ទៅដំបូលនិងជញ្ជាំងផ្ទះរបស់ជនរងគ្រោះបណ្តាលឲ្យមានការខូចខាត អំពូលភ្លើង០១ ជញ្ជាំងផ្ទះ និងដំបូលបន្តិចបន្តួច ហើយក៏បានគេចខ្លួនបាត់ទៅ ។ លុះដល់ថ្ងៃទី០៤ ខែឆ្នាំដដែលវេលាម៉ោង៨ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនជនសង្ស័យ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជេរប្រមាថ និងបានយកដុំថ្មគប់ទៅលើដំបូល និងជញ្ជាំងផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ដោយខឹងនឹងជនរងគ្រោះបញ្ចាំងភ្លើងពិលដាក់ខ្លួន មិនតែប៉ុណ្ណោះ ចំពោះគ្រឿងញៀនវិញ គឺបានប្រើប្រាស់រយៈពេលប្រហែលជាង១ឆ្នាំមកហើយ ។
បច្ចុប្បន្នជសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ច្បាប់ ៕
មតិយោបល់