រតនគិរីៈ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូ២គ្រឿងបុកគ្នា កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៤ ខែតុលា ត្រង់ចំណុចចម្ការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
សាក្សីនៅកន្លែងកើតហេតុបានដឹងថា ម៉ូតូ២គ្រឿងនោះ ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូម៉ាកវ៉េវមានទិសដៅពីលិចទៅកើត និងម៉ូតូម៉ាកសង់កូរ៉េ មានទិសដៅពីកើតទៅលិចលុះដល់កន្លែងកើតហេតុបានបុកគ្នាពេញទំហឹងតែម្តង។
ភ្លាមនោះនគរបាលមូលដ្ឋាន បានចុះជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីផងដែរ។
លោក ពុធ សាវី អធិការរងស្រុកកូនមុំ បានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ឃុន ហុយ ភេទប្រុសអាយុ១៣ឆ្នាំ ជាជនជាតិគ្រឹង មានទីលំនៅស្ថិតនៅកន្លែងកើតហេតុខាងលើ និងត្រូវជាកូនលោកមេឃុំតឺន រីឯអ្នករបួសធ្ងន់រួមមាន ទី១-ឈ្មោះសាម៉េត ហុញ ភេទប្រុសអាយុ១២ឆ្នាំជនជាតិគ្រឹងមានទីលំនៅ ភូមិកាបាក់ ឃុំតឺន ទី២-ឈ្មោះខ្លាស ផល្លា ភេទស្រីអាយុ២០ឆ្នាំ ទី៣-ឈ្មោះ ខ្លាស ចា ភេទស្រី អាយុ១០ឆ្នាំ និង ទី៤-ឈ្មោះ ខ្លាស ខុង ភេទប្រុស អាយុ៦ឆ្នាំ (អ្នកទាំង៣នាក់នេះ ត្រូវជាបងប្អូនបង្កើត និងមានទីលំនៅភូមិឡាអិន ឃុំតឺន)។
លោក ពុធ សាវី បន្តទៀតថា ម៉ូតូ២គ្រឿងនោះ គឺគ្មានភ្លើងបំភ្លឺស្តុបក្រោយរួមផ្សំនិងការជិះក្នុងល្បឿនលឿននិងគ្មានពាក់មួកការពារសុវត្ថិភាព ទើបបង្កឲ្យគ្រោះថ្នាក់បែបនេះ។ បន្ទប់ពីធ្វើការវាស់វែងរួចម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនាំយកមករក្សាទុកនៅប៉ុស្តិ៍ឃុំតឺន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិ៕
មតិយោបល់