ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានចុះបង្ក្រាបសិប្បកម្មផលិតបារីនិងសិប្បកម្មផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នារបស់ជនជាតិចិនសង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ក្នុងខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនរាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងរយៈពេល០២ថ្ងៃក្រោមការសម្របសម្រួលនីតិវីធីដោយលោកម៉ុតដារ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថានៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា កម្លាំងចម្រុះបានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិតនិងចែកចាយបារីមួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់នៅចំណុចផ្លូវហាណូយភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខដែលមានតំណាងម្ចាស់ឈ្មោះHuang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទសរុបចំនួន១០៤៨កេសមានទម្ងន់ប្រហែល២៥តោននឹងបានរកឃើញវត្ថុតាងឧករណ៍សម្រាប់ផលតបារីរួមមាន៖ម៉ាស៊ីនបោះពុម្ពពណ៌លើកញ្ចប់បារីចំនួន០២គ្រឿង,ម៉ាស៊ីនកាត់ក្រដាសរ៉ុកន្ទុយស្នោចំនួន០២គ្រឿង,ម្សៅទឹកថ្នាំពណ៌សចំនួន២៥កេស,ម្សៅទឹកថ្នាំពណ៌ចម្រុះចំនួន៨០បាវ,ម៉ាស៊ីនកូរទឹកថ្នាំ០១គ្រឿង,ម៉ាស៊ីនពន្លាកន្ទុយបារី១៣គ្រឿងនិងទឹកថ្នាំសម្រាប់បោះពុម្ពកញ្ចប់បារី១៤៤ធុង។
ដោយឡែកនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំបុ័ង០១កន្លែងនៅចំណុចភូមិព្រៃសាលាសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យដែលមានម្ចាស់ឈ្មោះCHENGANGភេទប្រុសអាយុ៣២ឆ្នាំ។សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែងរកឃើញវត្ថុតាងឧបករណ៍សម្ភារៈនិងវត្ថុធាតុដើមបម្រើឲ្យការផលិតនំបុ័ងសរុបចំនួន១៦ប្រភេទស្មើនឹងទម្ងន់ជាង២២តោន។
ក្រោយពីត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញរួចរាល់ឃើញថាសិប្បកម្មផលិតនំបុ័ងប្រេនខាងលើធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់គឺគ្មានស្លាកយីហោ,គ្មានប្រកាសបង្កើតរោងសិប្បម្ម,ផលិតផលមិនទាន់យកទៅចុះបញ្ជីវិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព,នៅលើសំបកវេចខ្ចប់ក្លែងអាសយដ្ឋាន,គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល,គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម។
ការបង្ក្រាបសិប្បកម្មផលិតបារីនិងផលិតនំបុ័ងប្រេនទាំង០២ខាងលើក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចហើយអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក៏បានឃាត់ទុកវត្ថុតាងទាំងអស់ជាបណ្តោះអាសន្នដើម្បីអនុវត្តតាមវិធានការច្បាប់៕
មតិយោបល់