ព័ត៌មានជាតិ

រដ្ឋមន្ត្រីស៊ុន​ ចាន់ថុល រំពឹងធនាគារអភិវឌ្ឍន៍អាសីុបន្តជួយលើការជួសជុលនិងសាងសង់ផ្លូវថ្នល់

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី ការអបអរសាទរខួបឆ្នាំទី៥០ នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតជាសំខាន់លើការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា បញ្ហាប្រឈមនៃការអភិវឌ្ឍរបស់កម្ពុជា និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីក្នុងពេលអនាគត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមកនិងកំពុងបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោកទេសរដ្ឋមន្ត្រីបានទទួលស្គាល់តួនាទី និងការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

លោកបានគូសបញ្ជាក់អំពី គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី ដែលបានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ ការដឹកជញ្ជូន និងការធ្វើសមាហរណកម្មនៅកម្ពុជានិងក្នុងតំបន់។ ជាមួយគ្នានេះផងដែរ លោកបានកត់សម្គាល់អំពីមេរៀន ដែលជាបទពិសោធន៍សំខាន់ៗមួយចំនួន ពីកិច្ចសហប្រតិបត្តិការផ្អែកលើកម្រិតគម្រោងទាក់ទងនឹងការធ្វើផែនការគម្រោង និងការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលក្នុងនោះមានបញ្ហានៃការចំណាយក្រោមការប៉ាន់ស្មាន និងការយល់ឃើញខុសគ្នាអំពីបញ្ហាបច្ចេកទេសចំពោះការសាងសង់ផ្លូវថ្នល់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា និងទំនាក់ទំនងយូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានលក្ខណៈវិជ្ជមានដល់ការអភិវឌ្ឍរបស់កម្ពុជា និងដើម្បីចូលរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនទាក់ទងនឹងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ភ័ស្តុភារ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន(CBF) ការធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការថែទាំនិងជួសជុលផ្លូវថ្នល់និងឧបករណ៍បរិក្ខារសម្រាប់ការថែទាំជួសជុល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យពាក់ព័ន្ធ៕

photo_2016-10-06_00-04-51photo_2016-10-06_00-04-53photo_2016-10-06_00-04-55

មតិយោបល់