ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស៊ីដាច់ម៉ូតូជាងសំណង់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានស៊ីដាច់ម៉ូតូខ្លួន កាលពីចុងខែកញ្ញាកន្លងទៅ ដោសយកលេសថា ខ្ចីមួយភ្លែត។

នគរបាលប៉ុស្តិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាក់ស្ដែងពីបទរំលោភលើទំនុកចិត្ត (យកម៉ូតូ ) ឃាត់នៅចំណុចមុខផ្ទះលេខ១០៩ ផ្លូវ២៦១ ក្រុម១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី ២៨ ខែ កញ្ញាឆ្នាំ ២០១៦ វេលាម៉ោងប្រហែល ៩ៈ ០០នាទីព្រឹក នៅក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ ឈ្មោះ ពេញ ហេង ហៅហេង ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីលំនៅដើមភូមិ ព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ព្រិច ផារី ភេទប្រុសអាយុ៣៤ ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ៤អា ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ដែកកែច្នៃចុងស្រួចសំរាប់ឆ្កឹះសោរចំនួន០១ -ផ្លែទុណឺវីុសចំនួន០១ -បំពង់កែវសំរាប់ជក់គ្រឿងញៀនចំនួន០២ -ទូរស័ព្ទម៉ាកNokia ពណ៌ខ្មៅចំនួន០១។

សមត្ថកិច្ចបានឲ្យដឹងថា ដំណើររឿងហេតុ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោប្រហែល ៩ព្រឹកជនសង្ស័យឈ្មោះ ពេញ ហេង បានឲ្យជនរងគ្រោះ ខ្ចីម៉ូតូ របស់គេជូនខ្លួនឌុបមកម្ដុំ សង្កាត់បឹងសាឡាង ដើម្បីខ្ចីលុយគេ លុះពេលជនរងគ្រោះដឹកជនសង្ស័យមកដល់ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជនសង្ស័យក៏ឲ្យជនរគ្រោះ អង្គុយផឹកទឹកអំពៅលេងហើយជនសង្ស័យក៏ខ្ចីម៉ូតូ ពីជនរងគ្រោះថាទៅខ្ចីលុយគេមួយភ្លែត ស្រាប់តែជិះយកទៅបាត់រហូត លុះមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១១ និង៣០នាទីព្រឹក ជនរគ្រោះ បានឃើញជនសង្ស័យ ក៏ឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-10-05_23-05-43photo_2016-10-05_23-10-32photo_2016-10-05_23-10-35

មតិយោបល់