ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យទាំងនេះ បានចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងចូលលួចម៉ូតូប៉ុន្តែមិនបានសម្រេច ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ក្រុមទី០៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះឈិន សុភី ហៅអាខ្មៅ,អាភី,ក្រញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (ស្នាក់នៅចល័ត)។ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន កូនសោរចំនួន១០ ,ទូរស័ព្ទដៃចំនួន០២គ្រឿង រួមមានម៉ាកណូគាអិនចុចពិល ពណ៌ស និងម៉ាកហ៊ីយ៉ា ពណ៌ខៀវ០១ គ្រឿង។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហុង ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលខណ្ឌទួលគោក ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា០២នាក់បានចេញមកពីជួបមិត្តស្រី ដែលជាអ្នកលក់កាហ្វេនៅហាងម្តុំគល់ស្ពានស្ទឹងមានជ័យ រួចនាំគ្នាមកធ្វើសកម្មភាពឆ្កឹះសោរផ្ទះរបស់ជនរងគ្រោះក្នុងគោលបំណងចូលលួចម៉ូតូ ប៉ុន្តែនៅពេលកំពុងតែធ្វើសកម្មភាពក៏ត្រូវបានជនរងគ្រោះភ្ញាក់ពីដេកចេញមកទាន់ ក៏ធ្វើការឃាត់ ខ្លួនបាន០១នាក់ជាក់ស្តែងនិងម្នាក់ទៀតជាបក្ខពួករត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានជនរងគ្រោះនាំយកមកប្រគល់ជូនដល់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់