ភ្នំពេញៈ រដ្ឋាភិបាល កាលពីពេលកន្លងទៅ បានបង្ហាញទិសដៅរបស់ខ្លួនយ៉ាងច្បាស់ថាការផ្លាស់ប្តូរប្រព័ន្ធថវិកា ពីប្រព័ន្ធថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅរកប្រព័ន្ធថវិកាផ្អែកលើ សមិទ្ធកម្មនិងវិមជ្ឈការ សម្រាប់បន្តជម្រុញការបង្កើនល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនលឿនថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាជន ។
ជាមួយគ្នានោះ ក៏មានការស្នើសុំឲ្យក្រុមមន្ត្រីត្រួតពិនិត្យ ហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីរាជធានី ខេត្តទូទាំងប្រទេស និងទទួលការបណ្តុះបណ្តាល ឬពង្រឹងសមត្ថភាពលើការរៀបចំ និងនីតិវិធីអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌនៃការងារកែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ខ្លឹមសារលើកឡើងទាំងនេះ គ្រាដែល វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា រួមនិងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីអង្គការ UNICEF បានរៀបចំវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃ គឺថ្ងៃទី៦-៧ តុលា ឆ្នាំ២០១៦ ក្នុងសណ្ឋាគារភ្នំពេញ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ហ៊ាន សាហ៊ីប បានលើកឡើងថា ដោយសារអត្ថមនុញ្ញផលពីសុខសន្តិភាពពេញបរិបូណ៌លើផ្ទៃប្រទេស ដែលជាបុព្វលក្ខខណ្ឌ និងជាកាលានុវត្តភាពដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស បានធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង ចលនានៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល បានប្រព្រឹត្តទៅប្រកបដោយបុរេសកម្ម និងទទួលបានជោគជ័យជាផ្លែផ្កា ជាបន្តបន្ទាប់ ក្នុងដំណាក់កាលទី១ និង ដំណាក់កាលទី២ ដោយកសាងបាននូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការបន្តអនុវត្តការកែទម្រង់នេះ នៅដំណាក់កាលទី៣ និងដំណាក់កាលទី៤ ។ លើសពីនេះ ជោគជ័យខាងលើនេះ គឺជាបច្ច័យអនុគ្រោះជួយធ្វើឲ្យកម្ពុជាអាចដោះស្រាយនិងទប់ទល់បានដោយជោគជ័យ នូវឧបសគ្គធំៗជាច្រើនពេលកន្លងមក ដូចជា ផលប៉ះពាល់អវិជ្ជមាននៃវិបត្តហិរញ្ញវត្ថុសកលលោក, វិបត្តិព្រំដែនជាមួយប្រទេសជិតខាង និងគ្រោះមហន្តរាយធម្មជាតិ ជាដើម។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលថែមទាំងនៅសល់អតិរេកសាច់ប្រាក់ សម្រាប់ដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនការចំណាយវិនិយោគលើវិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ និង សុខាភិបាល ជាដើម ទៀតផង ក្នុងគោលដៅជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង ។
លោក ហ៊ាន សាហ៊ីប បានលើកឡើងថាជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅឆ្នាំ ២០១៥ កន្លងមក និង គិតត្រឹមចុងខែកញ្ញាឆ្នាំ ២០១៦ នេះ ក្នុងក្របខ័ណ្ឌនៃការងារអនុវត្តថវិកាកម្មវិធី មានវគ្គបណ្តុះបណ្តាលជាច្រើន និង បន្តបន្ទាប់ ត្រូវបានរៀបចំឡើង ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័នចំនួន ២៥ និង មន្ទីរជំនាញក្រោមឱវាទ ដែលកំពុង និង ត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ២០១៦ នេះ ៕



មតិយោបល់