MC: កម្ពុជា បានបញ្ជូន កងកម្លាំងថែរក្សារក្សាសន្តិភាព អង្គការសហប្រជាជាតិ ពីប្រទេសកម្ពុជា បន្ថែមប្រមាណជាង ២០០នាក់ ទៅបំពេញបេសកកម្ម សង់ព្រលានយន្តហោះ និងដោះមីន នៅក្នុងប្រទេស ម៉ាលី តាមការស្នើសុំរបស់ អង្គការសហប្រជាជាតិ។ ដែលនេះជាលើកទី៣ ហើយ ដែល កម្ពុជា បញ្ជូនកម្លាំងមួកខៀវ ទៅកាន់ប្រទេស ម៉ាលី នោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងថែរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ថ្លែងនៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថា “ ទ័ពមួកខៀវកម្ពុជា ចំនួន ២កង រួមមានកងកម្លាំងវិស្វកម្ម ព្រលានយន្តហោះ លេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះ លេខ៣៣៣ សរុបជិត ២៣០នាក់ ជាទ័ពបន្ថែមជួរក្រោយ ដោយបានចេញដំណើរ ទៅកាន់ប្រទេស ម៉ាលី ដើម្បីប្ដូរវេន ជាមួយនឹង កងចាស់ បន្ទាប់ពីគេ បានបញ្ចប់បេសកកម្ មរយៈពេលពេញ ១ឆ្នាំ នៅប្រទេសម៉ាលី ហើយគេនឹងត្រលប់ មកមាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែមេសា នេះ ”។
ឯកឧត្តមបញ្ជាក់ថា កាលពីអំឡុងខែមីនា កន្លងមកនេះ មានកងកម្លាំង សរុបប្រមាណជិត ៨០នាក់ ជាកងជួរមុខ នៅជួរកងកម្លាំងវិស្វកម្ម ព្រលានយន្តហោះ លេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះ លេខ៣៣៣ នេះដែរ ត្រូវបាន ក្រសួងការពារជាតិ កម្ពុជា បានបញ្ជូនចេញទៅប្រទេស ម៉ាលី មុនមួយសាររួចហើយ ហើយបន្ទាប់ពីកងកម្លាំងជួរក្រោយនេះ ទៅដល់ប្រទេស ម៉ាលី កម្ពុជា នឹងមានទ័ពមួកខៀវ គ្រប់ចំនួន ៣០៩នាក់ តាមតម្រូវការកំណត់របស់ អង្គការសហប្រជាជាតិ លើកងប្ដូរវេនថ្មី។
នេះជាលើកទី ៣ហើយ ដែលប្រទេសកម្ពុជា ក្រោមការមានតម្រូវការ អង្គការសហប្រជាជាតិ និងមានការឯកភាព ពីប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ពី កម្ពុជា ទៅកាន់ប្រទេស ម៉ាលី ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ថែរក្សាសន្តិភាព និងចូលរួមចំណែកសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ ជួយដោះមីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការចូលរួមធ្វើសកម្មភាពមនុស្សធម៌ នានាទៀត ជួយទៅដល់ប្រទេសមួយនេះ ដែលកំពុងមានសង្គ្រាម ជម្លោះប្រដាប់អាវុធ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងបន្ថែមថា នៅក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ កម្ពុជាបានបញ្ជូនកម្លាំង បាន ២៦កង ទៅចូលរួម បេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ សរុប ចំនួន ៣,៥៥៧នាក់ នៅសាធារណរដ្ឋ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ឆាដ ស៊ីរី និងម៉ាលី ហើយក្រៅពីនេះ គឺ កម្ពុជា មានទ័ពមួកខៀវតិចតួច ដែលមាននៅ ប្រទេសរងគ្រោះថ្នាក់ខ្លាំង ដូចជា ប្រទេសស៊ុរី នៅតំបន់អាប៊ីយេ និងតំបន់ដាហ្វួ ទៀតផង។ បច្នុប្បន្ន កងកម្លាំងមួកខៀវ កម្ពុជា កំពុងបេសកកម្មរក្សាសន្តិភាព នៅ ៦ប្រទេស កម្លាំងសរុបចំនួន ៨៩៥នាក់ ក្នុងនោះ នារី ៤៦នាក់ ផងដែរ៕
មតិយោបល់