ព័ត៌មានជាតិ

សឹង្ហបុរី ចាប់អារម្មណ៍ជួយសិក្សាលើគម្រោងអភិវឌ្ឍទីក្រុងសៀមរាប និងបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ: ប្រទេសសឹង្ហបុរី បានចាប់អារម្មណ៍ជួយសិក្សាលើគម្រោងផែនការអភិវឌ្ឍន៍ទីក្រុងសៀមរាបឲ្យក្លាយទៅជាទីក្រុងទេសចរណ៍មួយដ៏ល្អបំផុត ដោយគិតគូរតាំងពីបញ្ហាអនាម័យ បរិស្ថានពោល គឺធ្វើឲ្យមានភាពទាក់ទាញ និងធ្វើឲ្យអ្នកទេសចរមានចិត្តចង់ស្នាក់នៅបានយូហើយសប្បាយចិត្ត។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបពិភាក្សាជាមួយលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរី នៅរសៀលថ្ងៃទី៦ ខែតុលា នាទីស្តីការក្រសួងទេសចរណ៍ថា ប្រទេសសឹង្ហបុរីចាប់អារម្មណ៍ហើយនឹងសហការជាមួយក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាម ជួយរៀបចំសិក្សាលើផែនការពង្រីកទីក្រុងសៀមរាមឲ្យកាន់តែមានការទាក់ទាញថែមទៀត។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ខ្ញុំបានស្វាគមន៍នូវអ្វីដែលលោកឯកអគ្គរដ្ឋទូតលើកឡើងពីចំណាប់អារម្មណ៍ចង់ជួយអភិវឌ្ឍន៍ទីក្រុងសៀមរាប និងជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យទេសចរណ៍ ក៏ដូចជាជួយផ្តល់បទពិសោធន៍ក្នុងការរៀបចំទីក្រុងឱ្យមានសោភណ្ឌភាព និងភាពទាក់ទាញ ហើយគំនិតនេះខ្ញុំធ្លាប់បានធ្វើការពិភាក្សាជាមួយលោកអភិបាលខេត្តសៀមរាបជាច្រើនដងមកហើយលើគម្រោងទាំងនោះ”

លោករដ្ឋមន្រ្តីបន្តថា “ជាមួយគ្នានោះខ្ញុំក៏បានលើកជាគំនិតយោបល់មួយចំនួនដើម្បីឱឱលោក Michael Tan Keng Siong ពិនិត្យលទ្ធភាពក្នុងជួយអភិវឌ្ឍន៍តំបន់ចុងភ្នាស់បឹងទន្លេសាប ដោយជួយផ្តល់អ្នកជំនាញ មកសិក្សាលើគម្រោងស្តា និងអភិវឌ្ឍន៍តំបន់ទាំងនោះឱ្យកាន់តែមានភាពទាក់ទាញថែមទៀត”

លោករដ្ឋមន្រ្តីបញ្ជាក់ថា សឹង្ហបុរី គេមើលឃើញថា ភ្នាក់ងារបម្រើសេវាកម្មលើវិស័យទេសចរណ៍និងធនធានមនុស្សលើវិស័យនេះរបស់កម្ពុជានៅមានកម្រិត ហើយគេមានគំនិតជួយលើផ្នែកទាំងអស់នេះ ទាំងនៅសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួនទៀត។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានមគ្គទេសចរណ៍ប្រមាណជាង១លាននាក់ តែចំនួននេះមិនអាចឆ្លើយតបនឹងតម្រូវនៃកំណើតទេសចរណ៍ដ៏គំហុកក្នុងពេលបច្ចុប្បន្ន នឹងទៅអនាគតនោះបានទេ បើទោះជាក្រសួងបាននិងកំពុងធ្វើការបណ្តុះបណ្តាលនៅតាមសាលាទាំង៣និងខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជាក៏ដោយ ពោលគឺទាមទារឲ្យមានការជួយគាំទ្រពីបណ្តាប្រទេសជាដៃគូ និងវិស័យឯកជន៕

photo_2016-10-06_17-18-56

photo_2016-10-06_17-18-49

photo_2016-10-06_17-18-51

photo_2016-10-06_17-18-53

មតិយោបល់