ព័ត៌មានជាតិ

លោក គឹម សន្តិភាព៖ នឹងពិនិត្យការសម្រេចសភាស៊ើបសួរសាលាឧទ្ធរណ៍ដោះលែងស្ត្រីឆបោកប្រាក់ជិត១ម៉ឺនដុល្លារ

ភ្នំពេញៈ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មាន និងភ្នាក់ងារPost News ក្នុងបណ្តាញTelegram ថា៖ «នេះជាសេចក្តីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលការសម្រេចនេះត្រូវឈរលើមូលដ្ឋានច្បាប់! ប្រសិនបើមានភាពមិនប្រក្រតីណាមួយទាក់ទងនឹងទិដ្ឋភាពច្បាប់ ឬករណីពុករលួយណាមួយ សូមផ្តល់ព័ត៌មានដោយភ្ជាប់នូវសក្ខីកម្មទៅស្ថាប័នមានសមត្ថកិច្ច ដែលរួមមាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬអង្គភាពប្រឆាំងអំពើពុករលួយ!»។

លោកក៏បានបន្ថែមទៀតថា៖ «នឹងពិនិត្យព័ត៌មាននេះ» ។បន្ទាប់ពីមានការចុះផ្សាយយ៉ាងច្រើនពីសំណាក់សារព័ត៌មានក្នុងស្រុកដោយដើមបណ្ដឹងប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ និងមេធាវី ដែលដោះលែងស្ត្រីឆបោកប្រាក់ជិត១ម៉ឺនដុល្លារនៅភាពមិនប្រក្រតីអាចបង្កប់អំពើពុករលួយ ។

សូមរំលឹកថា ដើមបណ្ដឹង ប្រតិកម្មខ្លាំងៗចំពោះការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តទឹកប្រាក់ជិត១ម៉ឺនដុល្លារអាមេរិក ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។

ដើមបណ្ដឹងសង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។

លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។

មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាចបង្កប់អំពើពុករលួយ ។

លោកស្រី សោភ័ណ្ឌ បន្តថា លោកស្រីគង់ លាងជូ ជាមេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួលឲ្យមានការដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។

មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹងពុំបានដឹងឡើយ នេះបានមន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញដីកាដោះលែងមនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខបូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី គង់ លាងជូ ត្រឡប់ទៅវិញ ។

ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី គង់ លាងជូ អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ។

សូមបញ្ជាក់ថា យោងដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បង្ហាញថា ស្ត្រីឈ្មោះ អៀត សារឹម ជាប់ចោទពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៦ តាមមាត្រា៣៩១ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

ស្ត្រីរងគ្រោះ ធ្លាប់បានបញ្ជាក់ថា ស្ត្រីឈ្មោះ អៀត សារឹម ត្រូវជាមិត្តភក្តិរបស់គាត់ហើយធ្លាប់រកស៊ីជាមួយគ្នា។ ដោយមានទំនាក់ទំនងជិតស្និទ្ធផងដែរ ។ មុនដំបូង ស្ត្រីឈ្មោះអៀត សារឹម បានខ្ចីប្រាក់ចំនួន៧០០ដុល្លាររួចបានខ្ចី៨០០ដុល្លារ ទៀត ។ ក្រោយមកបានខ្ចី១០០០ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនិងគ្រឿងអលង្ការផងដែរសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ។

លុះក្រោយមកគាត់ត្រូវការលុយ ពេលទៅសួរនាំយកមកវិញស្រាប់តែស្ត្រីឈ្មោះ អៀត សារឹម ចេះតែគេចវេសថ្ងៃនេះថ្ងៃនោះមិនព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងរហូតដល់តុលាការខេត្តកណ្តាលឲ្យជួយរកយុត្តិធម៌ជូនពួកគាត់៕

មតិយោបល់