ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជា៤ ផ្លូវលេខ៤៣២ កែង១៦៣ សង្កាត់ទួលទំពុង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1FI-7891 បើកបរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះបានមកដល់ផ្លូវបំបែកជា៤ ក៏បានបុកជាមួយរថយន្តតាក់ស៊ីម៉ែត្រ១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-6843 បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូ ដួលបែកក្បាល បាក់ភ្លៅខាងស្ដាំ ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯម្ចាស់រថយន្តតាក់ស៊ីបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែងព្រមទាំងយករថយន្តនិងម៉ូតូ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនិតីវិធីច្បាប់ ៕
មតិយោបល់