ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋក្របួចឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានហើយ ប៉ុន្តែជិះម៉ូតូបុកគូទរថយន្ត។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២១៧(ចំការដូង) ចំណុចមុខហាងនំប៉័ងបាយ័ន ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ នាង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
ក្រោយចាប់ឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ១គ្រឿងម៉ាកហុងដា C110 (ប្រើប៊ិច) ពណ៌ខ្មៅបិតស្កុត ពណ៌ឈាមជ្រូកលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ BE-5866 -ដាវសាំម៉ារ៉ៃ១ -កាបូបលុយ១ -កាតគ្រីម៉ូតូ១សន្លឹក -ប្រាក់១០០ដុល្លា និងលុយខ្មែរ៥០០០រៀល។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុមុខក្រុមហ៊ុនស្រាបៀរកម្ពុជា ក៏ឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់បានសម្រេច ក្រោយមកគាត់ក៏ជិះម៉ូតូដេញតាមពីក្រោយតាមផ្លូវ២១៧ រហូតមកដល់មុខហាងនំប៉័ងបាយ័នជនសង្ស័យ២នាក់ បានជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យដួល ហើយជនរងគ្រោះស្រែកថា ចោរឆក់កាបូបខ្ញុំ រួចប្រជាពលរដ្ឋក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរតែម្តង ចំណែកជនសង្ស័យម្នាក់ទៀតក៏ជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការនគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់