ស្ទឹងត្រែងៈ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា និងមូសដែកគោល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ តុលា ឆ្នាំ២០១៦ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ កុំឲ្យកើតជំងឺឆ្លង ពីព្រោះមូសទាំងនេះ ជាភ្នាក់ងារចម្លងមេរោគ គ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺហ្ស៊ីកា ដែលមានការផ្ទុះឡើងនៅលើបណ្តាប្រទេសផ្សេងៗមួយចំនួនដូចនៅទ្វីបអាមេរិកជាដើម។
ប្រជាពលរដ្ឋនៅភូមិកណ្តាល ក្រុងស្ទឹងត្រែង បាននិយាយថា ឆ្នាំនេះដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យមានទឹកដក់កើតមូសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យព្រួយខ្លាចកើតជំងឺ គ្រុនចាញ់ គ្រុនឈាម ពិសេស ជំងឺហ្សីកា។
លោក ទន វុទ្ធី ប្រធានក្រុមឆ្លើយតបបន្ទាន់ និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានបង្ហាញថា ប្រភេទមូសទាំងនេះ វាកើតចេញពីដង្កូវទឹកនៅតាមថ្លុក ឬត្រពាំងនិងទីកន្លែងមានព្រៃក្រាសៗ សើមត្រជាក់ ជាកន្លែងពួកវារស់នៅហើយ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ និងឆ្លើយតបបន្ទាន់ ដើម្បីចុះបង្ក្រាបដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិបាញ់ថ្នាំសម្លាប់។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថាករណីនេះ សូមក្រើនរំលឹកឲ្យប្រជាពលរដ្ឋ យើងទាំងអស់ជាពិសេស ស្រីមានផ្ទៃពោះ កូនចៅតូចៗ ឫមេគ្រួសារត្រូវយកចិត្តទុកដាក់ តាមដានចំពោះផ្នែកសុខភាព បើមានអាការៈ ក្តៅខ្លួន ឈឺសាច់ដុំ និងមានបញ្ហាកន្ទួលក្រហម ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបងប្អូនជាប្រញាប់ ដើម្បីឲ្យគ្រូពេទ្យ ផ្ដល់ការព្យាបាលទាន់ពេលវេលា។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង៩ខែ នេះកើតមានករណីគ្រុនចាញ់ ៨៨៩លើក ក្នុងនោះបង្កឡើងដោយមេរោគ (ហ្វាលស៊ីប៉ារ៉មូ ) ៣១៩ករណី មេរោគ(វីវ៉ាក់) ៥២៧ករណី និងបង្កដោយមេរោគចម្រុះ៤៣ករណី និងមានសង្ស័យករណីគ្រុនឈាមចំនួន៨ករណី ហើយជម្ងឺទាំងនេះ ពុំមានអ្នកជំងឺណាមួយគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕



មតិយោបល់