សម័យប្រជុំសភា ថ្ងៃចុងក្រោយថ្ងៃចន្ទទី២សីហា ត្រូវបានលុបចោលទៅវិញ ដោយហេតុតែរកឃើញករណីវិជ្ជមានកូវីដក្នុងចំណោមតំណាងរាស្ត្រ។ ប៉ុន្តែក្រុមប្រឆាំងនិងក្រុមប្រជែង បានចោទលោកនាយករដ្ឋមន្ត្រីម៉ូយីដឌីន យ៉ាស៊ីន ថាកំពុងប្រើកូវីដជាលេស ដើម្បីកុំឱ្យសភាបោះឆ្នោតដកទំនុកចិត្តពីរដ្ឋាភិបាលលោកទាន់។
ប្រឈមនឹងស្ថានភាពបែបនេះ លោកមហាធៀរ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដល់ទៅពីរដង និងលោកអានវ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ដែរនោះ បានសម្រេចចុះថ្នល់ នាំមុខសមាជិកសភាជាងមួយរយនាក់ ដើរដង្ហែក្បួនបាតុកម្ម សំដៅទៅសភា។ បាតុករតំណាងរាស្ត្រ ដែលស្រែកទាមទារឱ្យនាយករដ្ឋមន្ត្រី ម៉ូយីនឌីនយ៉ាស៊ីន ចុះចេញពីតំណែង ត្រូវរារាំងដោយប៉ូលិស និងបំបែកហ្វូងដោយសន្តិវិធី មុនទៅដល់រដ្ឋសភា។
“ប្រជាពលរដ្ឋថ្កោលទោសហើយ នៅតែមិនបដិសេធមិនចុះចេញពីតំណែងទៀត” ! នេះជាប្រសាសន៍របស់លោកមហាធៀរ។ ចំណែកលោកអានវ៉ាវិញបានប្រកាសថា “រដ្ឋាភិបាលបច្ចុប្បន្ន បាត់ភាពជាអ្នកដឹកនាំប្រទេសស្របច្បាប់ទៀតហើយ ព្រោះពុំមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាទៀតទេ”។
សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ម៉ូយីដឌីន យ៉ាស៊ីន រងសម្ពាធកាន់តែខ្លាំងឡើងៗ។ បន្ទាប់ពីរងការស្តីបន្ទោសពីព្រះមហាក្សត្រថាបានបន្លំសភា ប្រជាពលរដ្ឋម៉ាឡេស៊ីជាច្រើនបានចុះធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ បាតុកម្មកាលពីថ្ងៃសៅរ៍ទី ៣១កក្កដា ជាករណីដ៏កម្រមួយស្រាប់ទៅហើយ ហើយការដែរអតីតនាយករដ្ឋមន្ត្រី មហាធៀរនិងលោកអានវ៉ា កាន់ដៃគ្នាចូលធ្វើបាតុកម្ម និងគាំទ្របាតុកម្មដែរ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀត ព្រោះបុរសខ្លាំងទាំងពីរធ្លាប់ជាគូប្រជែងនយោបាយតាំងតឹងនឹងគ្នាខ្លាំងណាស់។
នៅឆ្នាំ១៩៩០ ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីជាលើកដំបូង លោកមហាធៀរ មហាម៉ាត់ ធ្លាប់បានដកលោកអានវ៉ា ពីរដ្ឋាភិបាល ព្រមទាំងបានចាប់ទៅឃុំឃាំង ពីបទប្រព្រឹត្តអំពើអនាចារផ្លូវភេទជាមួយបុរស និងចោទប្រកាន់ថាបានរំលោភអំណាចទៀត។ បុរសខ្លាំងទាំងពីរបានចងសម្ព័ន្ធភាពគ្នាវិញ រហូតបានទទួលជោគជ័យជាប្រវត្តិសាស្ត្រក្នុងសម័យបោះឆ្នោតសភា នៅឆ្នាំ២០១៨។
មតិយោបល់