ភ្នំពេញៈ ជនសង្ស័យ៦នាក់ ព្រមទាំងថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឈន សុវណ្ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កាប់ជ្រូក ស្នាក់នៅភូមិកំពង់សៀម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី២-ឈ្មោះ អុន ប៉ាទី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ទី៣-ឈ្មោះ ស្រៀន លុច្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ ទី៤-ឈ្មោះ ផា ឡា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងផ្សារដែក បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិរលាក់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៥-ឈ្មោះ លឹម អេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ និងទី៦-ឈ្មោះ លឹម សុខអូន ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅក្នុងការដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា(ប្រភេទម៉ាទឹកកក)ចំនួន៥កញ្ចប់ និងម៉ូតូ៣គ្រឿង ទី១-ម៉ាក ហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-3112 ទី២-ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-4491 និងទី៣-ម៉ាក ស៊ុយសុគីស្មាស់ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-7865។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ពេលនោះស្រាប់តែប្រទះឃើញជនសង្ស័យទាំង៦នាក់ ហើយក៏បានឃាត់ខ្លួនជាបន្តបន្ទាប់ និងធ្វើការឆែកឆេររកឃើញថ្នាំ៥កញ្ចប់ ហើយនាំខ្លួនយកមកអធិការខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំង៦នាក់នោះបានសារភាពថា ពួកគេបាននាំគ្នាទៅទិញថ្នាំញៀននោះ នៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយពួកគេទាំងនោះទិញក្នុង ១កញ្ចប់តម្លៃ ៣៥០០០រៀល ដើម្បីយកទៅប្រើប្រាស់នៅឯស្រុកកំណើតរបស់ពួកគេ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/YqgvDfqKvMM



មតិយោបល់