ភ្នំពេញៈ ផ្អើលប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យយ៉ាងខ្លាំង បន្ទាប់ពីជនបរទេសម្នាក់ សង្ស័យបែងថ្នាំ បានឡើងលើអគារនៃមន្ទីរពេទ្យព្រះអង្គឌួងលោតសម្លាប់ខ្លួន តែសំណាងមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ធ្ងរបាក់ជើង និងបាក់ដៃ។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លើដំបូលអគារវះកាត់ភ្នែកកម្ពស់ជាន់ទី១ នៃមន្ទីរពេទ្យព្រះអង្គឌួង នៅផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេចនោះឈ្មោះThomas Hanson ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិដាណាម៉ាក គ្មានលិខិតឆ្លងដែន និងគ្មានទីលំនៅពិតប្រាកដ។
ប្រភពព័ត៌មានពីឈ្មោះ ចំរើន មាន ភេទស្រី ដែលគាត់កំពុងនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួងបានដឹងថា នៅវេលាកើតហេតុ គាត់បានឮសំឡេងមនុស្សធ្លាក់ពីលើអគារពេទ្យពេលនោះគាត់ចេញទៅមើល ក៏ឃើញជនបរទេសរូបនោះ កំពុងតែរងរបួសបាក់ភ្លៅ និងបាក់កដៃស្តាំ ដោយជនបរទេសរូបនោះមិនដឹងមកពីណានោះទេ ហើយបានមកឡើងលើដំបូលអគារវះកាត់ភ្នែកលោតសម្លាប់ខ្លួនដូច្នេះនោះ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជនបរទេសរូបនោះ លោតសម្លាប់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ហើយនោះ អ្នកជិតខាងបានមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ហៅរថយន្តសាម៉ុយមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនបរទេសរូបនោះ ប្រហែលជាបែកថ្នាំហើយមើលទៅ ទើបមកឡើងលើដំបូងអគារមន្ទីរពេទ្យព្រះអង្គឌួងលោតសម្លាប់ខ្លួនដូច្នេះ ប៉ុន្តែមិនបានសម្រេចគ្រាន់តែរបួសបាក់ដៃបាក់ជើងតែប៉ុណ្ណោះ៕
មតិយោបល់