សៀមរាបៈ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាបចុះធ្វើការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារស្រីស្នំ ក្នុងឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប រកឃើញទឹកក្រូចដបជ័រមួយចំនួន ដែលបាននាំចូលមកពីប្រទេសថៃ ក្រោយពិនិត្យឃើញថា ទឹកក្រូចទាំងនេះ បានខូចគុណភាពហួសកាលកំណត់ប្រើប្រាស់ កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ។
លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីការត្រួតពិនិត្យ ក្រុមការងាររបស់លោកបានរកឃើញថា ប្រភេទទំនិញម្ហូបអាហារ ដែលផលិតក្នុងមូលដ្ឋាន និងផលិតផលក្នុងស្រុកគឺមានសុវត្ថិភាពល្អ តែផ្ទុយទៅវិញទំនិញវេចខ្ចប់រួចមួយចំនួនដែលបាននាំចូលមកពីក្រៅប្រទេស គឺមានបញ្ហាខូចគុណភាពហួសកាលកំណត់ប្រើប្រាស់ ដែលវានឹងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់សុខភាពប្រជាពលរដ្ឋនៅពេលដែលពួកគាត់បានទទួលទាន។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងណា មន្ត្រីកាំកុងត្រូលនៅតែបន្តប្រើប្រាស់វិធានការអប់រំ អនុវត្តចែកផ្សាយនូវរូបភាព ប៉ូស្ទឺរ (Poster) និងផ្សព្វផ្សាយដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាកទាំងឡាយ ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្រោះថ្នាក់នៃការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារនោះ។
លោកបានបញ្ជាក់ទៀតថា ការអប់រំក៏នៅតែបន្តធ្វើ តែវិធានការនៃការដកហូត ក៏ត្រូវតែបានអនុវត្តផងដែរចាប់ពីពេលនេះតទៅ ៕
មតិយោបល់