ព័ត៌មានជាតិ

មុខសញ្ញាវាយប្លន់យកម៉ូតូប្រជាពលរដ្ឋតាមផ្លូវពេលយប់ចំនួន៣នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញៈ ក្រុមជនសង្ស័យសកម្មខាងដើរធ្វើសកម្មភាព វាយ គំរាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ទោះជាក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យកំពុងខ្នះខ្នែងរត់រកផ្លូវ ដើម្បីសម្រួលដោះ ឲ្យនៅក្រៅឃុំក៏ដោយ ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ នៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទើបតែនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បញ្ចប់នៃការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការនិងចោទដាក់បន្ទុកជាផ្លូវការ ក្រោយពីជនសង្ស័យរួមជាមួយបក្ខពួក ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ពីអ្នកដំណើរតាមផ្លូវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន៣នាក់ ទី១ឈ្មោះ ផាន់ វណ្ណៈ ហៅ ធិន​ រតនៈ ​ភេទ​ប្រុស ​អាយុ​២០ឆ្នាំ ​មុខ​របរ​កម្មករ​រោងចក្រ​​ រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​ សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ទី២ ឈ្មោះ​ យ៉ុន​ ផាយុ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខ​របរ​សិស្សថ្នាក់ទី១០ ​រស់នៅ​ភូមិ​ជាមួយ​គ្នា ​។ ទី​៣ឈ្មោះ​ វ៉ាត​ មុន្នីរក្សា​ ភេទ​ប្រុស ​អាយុ​១៦ឆ្នាំ​ មុខរបរ​សិស្ស រស់នៅភូមិជាមួយគ្នា។

នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យនិងបក្ខពួកសរុបគ្នា៧នាក់​ ម៉ូតូ​ចំនួន​៣គ្រឿង​ ម៉ាកហុងដា សេ១២៥ ​មួយ​គ្រឿង​ និង​ម៉ូតូ​ម៉ាក​Beat ចំនួន២គ្រឿង​ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន៣នាក់ និងម៉ូតូ ម៉ាកBeat មួយគ្រឿង ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះនៅយប់កើតហេតុ ឈ្មោះ​ នុន​ វ៉េត​ ភេទ​ប្រុស ​អាយុ​៣៧ឆ្នាំ​ ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាកហុងដាសេ១២៥ សេរី២០១៨ ​គ្នា​៣នាក់​ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះនិងមិត្តភក្តិសរុបគ្នា៣នាក់ ជិះម៉ូតូវិលមកពីកោះពេជ្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ត្រូវបានជនសង្ស័យ សរុប៧នាក់ ជិះម៉ូតូ៣គ្រឿង ដេញតាមពីក្រោយ មកដល់ប្រដាប់ដោយខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព កៀរម៉ូតូ ឲ្យបង្អន់ល្បឿនហើយ ធ្វើសកម្មភាពវាយតែម្តង ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ និងកន្លែងប៉ូលិស ប៉ុស្តិ៍ផ្សេងទៀត មកទាន់ កំពុងធ្វើកម្មភាពជាក់ស្តែង ចាប់ខ្លួនបាន៣នាក់ ម៉ូតូជនល្មើសមួយគ្រឿង បក្ខពួក៤នាក់ទៀតបានជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់ ។

ដើម្បីសហការ និងផ្តល់ឱកាស សម្រាប់សមត្ថកិច្ច បន្តស្រាវជ្រាវ តាមចាប់បក្ខពួក៤នាក់ទៀត ម្យ៉ាងសមត្ថកិច្ចកំពុងសាកសួរសួរ លើជនសង្ស័យ តែត្រូវបាន ជនសង្ស័យជាបក្ខពួកទាំង៤នាក់នោះ ដឹងខ្លួន ថាចាប់ខ្លួនហើយ មិនបង្អង់យូរ មានតែរត់ចោលផ្ទះសម្បែង រត់ចោលភូមិ ដើម្បីគេចខ្លួន តែទោះជាយ៉ាងណាក្តី ជនសង្ស័យ ត្រូវបានគេស្គាល់ផ្ទះសម្បែងអស់ហើយ សុទ្ធតែអ្នកភូមិជាមួយគ្នា៦នាក់ ម្នាក់ទៀតភូមិផ្សេង បច្ចុប្បន្នសមត្ថកិច្ចនៅតែបន្តតាមចាប់ខ្លួនជនសង្ស័យបន្តទៀត ៕

មតិយោបល់