ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០៦នាក់ដកហូតថ្នាំញៀន០៤កញ្ចប់

ភ្នំពេញៈ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន បន្ទាប់ពីកម្លាំងអាវុធហត្ថត្រួតពិនិត្យរកឃើញគ្រឿងញៀន៤កញ្ចប់នៅជាប់នឹងខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខច្រកចូលផ្ទះសំណាក់អង្គរពេជ្យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ព្រុំ សក្រក្កដា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០៦នាក់ខាងលើ គឺលោកបានបញ្ជាឲ្យកម្លាំងរបស់លោកធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសហើយក៏ប្រទេះឃើញជនសង្សយទាំង០៦នាក់ ជិះម៉ូតូ៣គ្រឿងទី១ម៉ាក ហុងដាសេ១២៥ ទាំង៣គ្រឿង ១គ្រឿងពាក់ស្លាកលេខព្រៃវែង 1F-7560 ទី២.ពាក់ស្លាកលេខកំពង់ចាម 1C-7747 និងទី៣.ពាក់ស្លាកលេខ ភ្នំពេញ 1AY-5788។ ដោយមានការសង្ស័យក៏ឃាត់ឆែកឆេររកឃើញថ្នាំញៀនចំនួន០៤កញ្ចប់នៅលើខ្លួន
ទើបកម្លាំងរបស់លោកឃាត់ខ្លួនបញ្ជូនទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ។

អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់នោះ ទី១.មានឈ្មោះ ហេង តុលា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំកំបូល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ អឿន សារ៉ាយ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា។ ទី៣.ឈ្មោះ ពៅ ចិន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកាត់ខោអាវ ស្នាក់នៅម្ដុំសាលាសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ទី៤ឈ្មោះ ហេន សៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងអារឈើ ស្នាក់នៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៥.ឈ្មោះ ឃុំ មករា ភេទប្រុសអាយុ២០ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅផ្ទះជួលម្ដុំពេទ្យរុស្សី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងជនសង្ស័យទី៦ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់