ភ្នំពេញៈ បុរសជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចាប់ឃាត់ខ្លួនបាន និងយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ឧសភា២០១៦ ទៅតាមដីកាលេខ១៦៣ ចុះថ្ងៃទី១៨មីនា ២០១៦ កន្លងមកនេះ ដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជ្រះនៃសាលាដំបូងរាជធានីភ្នំពេញនោះ។
បុរសដែលត្រូវកម្លាំងមានសម្ថកិច្ចធ្វើការឃាត់ខ្លួនបានទៅតាមដីកានេះមានឈ្មោះ ចក់ ចាន់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិចំពុះក្អែកទី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មីទទួលបានដីកាមួយច្បាប់ឱ្យតាមរកចាប់ខ្លួនបុរសជាជនសង្ស័យពីសាលាដំបូងរាជធានីភ្នំពេញរួចមក កម្លាំងរបស់លោកតែងតែបានចុះធ្វើការស្រាវជ្រាវ និងរកបុរសជាមុខសញ្ញាជួញដូរថ្នាំញៀនរូបនោះ តែមិនឃើញ លុះក្នុងព្រឹកនេះទើបកម្លាំងរបស់លោកបានឃើញរូបគេកំពុងតែដើររកត្រីនៅក្នុងបឹងមួយកន្លែងក៏ធ្វើការឃាត់ខ្លួន និងយកមកប្រគល់ឲ្យអធិការនគរបាលខណ្ឌច្បារអំពៅតែម្តង។
ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មីចាប់បានបុរសជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មរូបនេះទៅតាមដីការពស់តុលាការួចហើយ នគរបាលខណ្ឌច្បារអំពៅក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត៕


មតិយោបល់