ព័ត៌មានជាតិ

ខំលួចរថយន្តគ្រូបង្រៀនម្នាក់ក្នុងខេត្តតាកែវ គេចមកដល់ភ្នំពេញ ត្រូវសមត្ថកិច្ចបកស្បែកមុខបានដដែល!

តាកែវ: បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ជួន វាសនា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរគ្រូបង្រៀន អំពីករណីចោរលួចរថយន្តកាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ។​

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង៥ និង៥០នាទីល្ងាច ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ​រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំដោយ លោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិយាល័យ បានធ្វើការស្រាវជ្រាវដោយបាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៃ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឡេង ភាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរលក់ការ៉ែម មានប្រពន្ធឈ្មោះ អៀង លាប អាយុ២២ឆ្នាំ ភូមិពោខ្វិត ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានមុខរបរកម្មកររោងចក្រ នៅចំណុចលើផ្លូវជាតិលេខ៦អា ស្ថិតក្មុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ និងបានដកហូតរថយន្ត១គ្រឿង ដែលជនសង្ស័យលួចម៉ាកកូរ៉ូឡា ស៊េរីឆ្នាំ១៩៩៤ ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2G-6964 ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់