ព័ត៌មានជាតិ

លោក Qu Dongyu បន្តដំណើរទៅទស្សនាតំបន់ប្រវត្តិសាស្រ្តអង្គរ និងពិនិត្យស្ថានភាពកសិកម្មជលផលនៅបឹងទន្លេសាប

ភ្នំពេញៈ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា គណៈប្រតិភូក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Qu Dongyu អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយមានយន្តការគិតគូរពីការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើន តាមរយៈការពង្រឹងគុណភាពផលិតផល ឱ្យត្រូវតាមស្តង់ដាទីផ្សារ ក្នុងនិងក្រៅប្រទេស។

បន្ទាប់ពីកិច្ចពិភាក្សាដោយយកចិត្តទុកដាក់លើវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិនបានបន្តដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រវត្តិសាស្រ្តអង្គរនៃខេត្តសៀមរាប និងស្វែងយល់ពីវិស័យកសិកម្មនៅក្នុងតំបន់នោះមុនពេលធ្វើមាតុភូមិន្ទនិវត្តន៍ទៅកាន់ប្រទេសចិនវិញ។

នៅព្រលានយន្តហោះអន្តរជាតិសៀមរាប គណៈប្រតិភូក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានទទួលបដិសណ្ឋារកិច្ចពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក មឿង សុនិត្យា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងខេត្តសៀមរាប និងសហការី។

ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាបនាពេលនេះ គណៈប្រតិភូបានជួបពិភាក្សាជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្វែងយល់ពីស្ថានភាពកសិកម្មក្នុងខេត្ត ក៏ដូចជាស្ថានភាពជលផលនៅបឹងទន្លេសាប និងពិនិត្យបន្ថែមអំពីសក្កដានុពលវិស័យកសិកម្មនៅក្នុងតំបន់នោះ ដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងវិស័យកសិកម្មរវាងក្រសួងកសិកម្មទាំងពីរឲ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា សមភាគីចិនធ្លាប់បានថ្លែងជាមួយរដ្ឋមន្រ្តីកសិកម្មថា “ទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងយូរអង្វែងនិងជាប្រពៃណី។ ប្រជាជនចិនមានសេចក្ដីគោរពចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងបានឃើញកម្ពុជាទទួលផលប្រយោជន៍ពីខ្សែក្រវ៉ាត់មួយ និងវិថីសូត្រដែលកម្ពុជាស្ថិតក្នុងតំបន់ដ៏សំខាន់នេះ និងជាគោលនយោបាយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរយកចិត្តទុកដាក់ខ្ពស់”៕

photo_2016-10-11_16-20-28photo_2016-10-11_16-20-22photo_2016-10-11_16-20-24photo_2016-10-11_16-20-26

មតិយោបល់