កណ្តាលៈ ដោយមានការទទួលបានបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោរ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នគរបាលស្រុកកោះធំដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ ឲ្យកម្លាំងនៃអធិការដ្ឋាន សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន បានចុះបើកប្រតិបត្តិការណ៍បង្ក្រាបអស់រយៈពេល០៥ថ្ងៃ ទើបចាប់ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកកោះធំបាន០២នាក់បានជាបន្តបន្ទាប់។
ការចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាដែលចាប់ខ្លួនបាន ទី១.ឈ្មោះ ងន ភារម្យ (ហៅហេវ) ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ និងជនសង្ស័យទី២ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាមមាន ស្នាក់នៅភូមិលេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្តអាងយ៉ាង (ប្រទេសវៀតណាម) មុខរបរមិនពិតប្រាកដ។ ចំណែកបក្សពួកដែលរត់គេចខ្លួនទី១ឈ្មោះ ង្វៀង យ៉ាំងគ្រឿង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។
ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន២៧កញ្ចប់ (ក្នុងនោះមានធំ០២កញ្ចប់ និងតូច២៥កញ្ចប់) និងទូរស័ព្ទចល័តចំនួន០៣គ្រឿង ។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលពត៌មានពីប្រជាជនល្អថាជនសង្ស័យទី១កំពុងលក់គ្រឿងញៀន និងតាមការចុះស្រាវជ្រាវអស់រយៈពេលប្រមាណ ៥ ថ្ងៃរហូតដល់ថ្ងៃនិងវេលាកើតហេតុខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនបានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យបានម្នាក់ឈ្មោះ ងន ភារម្យ ដកហូតបានថ្នាំញៀនមួយចំនួន០២កញ្ចប់នូវជាប់នឹងខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងន ភារម្យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀននេះគឺពិតជារបស់ខ្លួនទិញយកមកទុកលក់ប្រាកដមែន ហើយរូបខ្លួនទិញមកឲ្យឈ្មោះ ង្វៀង យ៉ាំងគ្រឿង ដែលស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយខ្លួន យកទៅលក់បន្តរាល់ថ្ងៃយ៉ាងសកម្មផងដែរ។ ថ្នាំញៀនខាងលើឈ្មោះ ហេវ បានសារភាពថាទិញពីភ្នំពេញម្តុំច្បារអំពៅ តែមិនស្គាល់ឈ្មោះអ្នកលក់ទេ ដឹងត្រឹមថាយកលុយវេរឲ្យគេ គេក៏ឲ្យយកនៅទីកន្លែងណាត់ជួប ។លុះនៅវេលាម៉ោង៨និង ៣០ ថ្ងៃដដែលក្រោយពេលទទួលបានបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ ស្នងការ អ៊ាវ ចំរើន និងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឆែកឆេរផ្ទះជួលដែលឈ្មោះង្វៀង យ៉ាំងគ្រឿង ស្នាក់នៅទើបសមត្ថកិច្ចបានចុះដល់បន្ទប់ផ្ទះជួលខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ យ៉ាំងត្រាវនៅក្នុងបន្ទប់ជួល និងឆែកឆេររកឃើញថ្នាំញៀនចំនួន ២៥ កញ្ចប់តូច នៅក្នុងបន្ទប់ ចំណែកជនសង្ស័យ ង្វៀង យ៉ាំងគ្រឿង បានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន ២៧ កញ្ចប់ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
https://youtu.be/_gZ0JB8GE80
មតិយោបល់