កណ្តាលៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរូបគាត់បានបើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយត្ន័ទៅទាក់ជាមួយខ្សែចងព័ទ្ធកន្លែងការដ្ឋានសាងសង់ស្ពាន ដាច់ខ្សែរួចធ្លាក់ចូលរណ្តៅការដ្ឋានសាងសង់ស្ពាន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចការដ្ឋានសាងសង់ស្ពានលេខ១៨ (ហៅស្ពានព្រែកអុងប៉ាង)ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះឈ្មោះ អ៊ុត ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកធនាគារហត្ថាកសិករ លីមីតធីត មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-3024 បានធ្វើដំណើរពីជើង ទៅត្បូង លុះដល់ចំណុចស្ពានលេខ១៨ ក៏បានជ្រុលចង្កូតទៅបុកខ្សែចងព័ទ្ធកន្លែងការដ្ឋានសាងសង់ស្ពានដាច់ខ្សែហើយធ្លាក់ចូលរណ្តៅការដ្ឋានសាងសង់ស្ពាន បណ្តាលឲ្យបោកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពីកម្លាំងជំនាញចរាចរណ៍ចុះពិនិត្យវាស់វែងរួចហើយ ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់