ព័ត៌មានជាតិ

មន្ត្រីនគរបាលផ្កាយពីរ ស្រវឹងបើករថយន្តទៅបុករទេះលក់ប្រហិតចៀន សង៣០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញៈ មន្ត្រីនគរបាលផ្កាយ២ម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង ក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូរទេះលក់ប្រហិតចៀន និងបុកល្ហុងដែលឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចខាតកាលពី វេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងមុខ ផ្សារទំនើបស៊ុបភើស្ទ័រ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើម៉ាក លុចស៊ីស LX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8581 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលផ្កាយពីរ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៩៨៦ ធ្វើដំណើរពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក ក៏បានរេចង្កូតទៅខាងស្ដាំ ជ្រុលទៅបុកនិងម៉ូតូរទេះលក់ប្រហិតចៀន និងបុកល្ហុងមួយគ្រឿង ដែលកំពុងឈប់ចតលក់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកទូកញ្ចក់ និងខ្ទាតប្រហិតសម្រាប់លក់រាយប៉ាយពេញផ្លូវ រងការខូចខាត។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតបែកចង្កៀង និងក្រពឹតកាងផ្នែកខាងមុខចំហៀងខាងស្ដាំ ហើយករណីនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក ក៏បានធ្វើការចរចាដោះស្រាយគ្នា ជាមួយនឹងម្ចាស់ម៉ូតូរទេះរងគ្រោះ ដោយមិនចង់មានរឿងវែងឆ្ងាយ អ្នកបើករថយន្តបង្ក ក៏ព្រមចេញសំណងចំនួន៣០០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូរទេះរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់