ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿនវ៉ាក់ជាមួយនិងរថយន្តមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យជ្រុលទៅបុកចំពាក់កណ្តាលតួរថយន្តបោកអ្នកបើកបរម៉ូតូទៅលើដងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយមហាវិថី ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើនេះ បើកម៉ូតូមួយគ្រឿងម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-8785 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ស្តុបផ្លូវភ្លោះផ្សារថ្មី ម៉ូតូជនរងគ្រោះបានវ៉ាក់ជាមួយនិងរថយន្តកូរ៉េមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវពីលិចទៅកើត ជាហេតុធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលតួរថយន្តកូរ៉េ ផ្លោងអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកតាមរថយន្តសង្គ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់